ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ១៩ ជាង១០ម៉ឺននាក់។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្នុងដំណាក់កាលបច្ចុប្បន្នការធ្វើទេសន្តរប្រវេសន៍រឹតតែ ប្រឈមខ្លាំង ដោយហេតុថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ មិនតែប៉ុណ្ណោះ ប្រទេសមួយចំនួនបាននិងកំពុងតែកើនឡើងនូវចំនួនអ្នកឆ្លងថ្មី យ៉ាងច្រើនលើសលប់ រៀងរាល់ថ្ងៃ។

សម្ដេចក្រឡាហោម បន្ដថា ស្ថានភាពនេះបានធ្វើឲ្យប្រទេសដែលទទួលពលករ ក៏ប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញឲ្យដំណើរការនៃរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់។

សម្ដេចក្រឡាហោមបន្ថែមថា ចំណែកឯវិធានការបិទព្រំដែន និងបិទការនាំចូលពលករបរទេស ក៏នៅបន្ត ដែលជាហេតុធ្វើឲ្យពលករ ត្រូវធ្វើ ការសម្រេចចិត្តឲ្យបានច្បាស់លាស់ថា តើគួរបន្តស្នាក់នៅក្នុងប្រទេសគោលដៅដោយមិនមានការងារ ប្រាក់ចំណូល ឬក៏ត្រូវត្រឡប់មកូមិស្រុកវិញ ដើម្បីជួបជុំគ្រួសារ? ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងខូវីដ ១៩ មានប្រមាណ ១០ម៉ឺន៣ពាន់នាក់ និងស្រ្តី ប្រមាណ ៤៥ភាគរយ ។យើងបាន និងកំពុងទទួលសង្គ្រោះពលករ ដែលវិលត្រឡប់មកវិញ ដោយគេចវេសពីស្ថានភាពលំបាក ក្នុងប្រទេសគោលដៅ និងព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ ក្នុងអំឡុងេពេលដែលប្រទេសគោលដៅបាន និងកំពុងរឹតបន្តឹង និងបិទប្រទេស ដើម្បីកាត់បន្ថយការឆ្លងទៅមក នូវជំងឺកូវិដ-១៩» ។ 

សម្ដេចក្រឡាហោម បញ្ជាក់ថា ស្ថានភាពបែបនេះ នឹងមិនអាចបញ្ចប់ដោយងាយៗនោះទេ ហើយក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈពេលវែង ហេតុនេះ កិច្ចការពារពលករ ទាំងនៅក្នុងប្រទេសដើម ទាំងនៅក្នុងប្រទេសគោលដៅ គឺជាភារកិច្ច ចាំបាច់ ដែលគប្បីត្រូវយកចិត្តទុកដាក់ ។ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រោះ ប្រជាជនកម្ពុជា បាន និងកំពុងតែ ទទួលរងនូវស្ថានភាពទាំងអស់នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជារកឃើញជំងឺកូវីដ-១៩ ចំនួនសរុប ២៣៤នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៦២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧០នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ