ភ្នំពេញ ៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញនោះ មិនមានជំងឺកូវីដ១៩ឡើយ បន្ទាប់ពីចាប់ដាក់ឲ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីអស់រយៈពេល ១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ត្រូវអនុញ្ញាតឲ្យចេញពីកន្លែងធ្វើចត្តាឡីស័កទៅកាន់ផ្ទះរបស់ខ្លួន នៅថ្ងៃទី៣០ កក្កដានេះ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា «ក្រុមការងារចត្តាឡីស័កកំពុងរៀបចំឲ្យស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងលោកស្រី រ៉ូស វីរ៉ា ដើម្បីចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពិនិត្យមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេលគ្រប់១៤ថ្ងៃ។ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃនេះគាត់នឹងចាកចេញហើយ»។

សូមបញ្ជាក់ថា ស្ត្រីឈ្មោះ រ៉ូស វីរា នេះ កាលពីថ្ងៃទី១៧ ខែកក្កដា បានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ ហើយ ស្ត្រីរូបនេះបានរងការពិន័យប្រាក់ចំនួន ១លានរៀលផងដែរ ព្រោះតែការលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ