ស្រ្តីវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើង នៃហេតុការណ៌គ្រោះអគ្គីភ័យមួយ ដែលបង្កឡើងដោយសារតែការធ្វេសប្រហែសរបស់កូនប្រសារ បានធ្វើអោយផ្ទះ១ខ្នង រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះទាំងអស់ ត្រូវភ្លើងឆេះអស់ម៉ត់គ្មានសល់។ហេតុការណ៍គ្រោះអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពញាលៀង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ម្ចាស់ផ្ទះមានឈ្មោះ ផាន់ គន់ ភេទប្រុស អាយុ៤៦ឆ្នាំ និងមានប្រពន្ធឈ្មោះ ឃឹម ហុន អាយុ៤៥ឆ្នាំ រីឯជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើង មានឈ្មោះ អ៊ាង សូត្រ ភេទស្រី អាយុ៨៥ឆ្នាំ ត្រូវជាម្តាយម្ចាស់ផ្ទះ។

ប្រភពពត៌មានពីប្រជាពលរដ្ឋនៅជិតខាងផ្ទះកើតហេតុ បានអោយដឹងថា ដំបូង គេឃើញស្រ្តីរងគ្រោះជាម្តាយ ដែលមានជម្ងឺក្នុងខ្លួនផងនោះ ដេកម្នាក់ឯងនៅលើគ្រែក្រោមផ្ទះក្បែរគំនរពំនូកចំបើង ចំណែកប្តីប្រពន្ធទាំង២រួមទាំងកូនតូចៗ២នាក់ទៀត គឺមិនឃើញនៅផ្ទះទេ លុះមួយសន្ទុះក្រោយមក គេឃើញបុរសជាប្តីត្រឡប់មកដល់ផ្ទះម្នាក់ឯង ក្នុងស្ថានភាពស្រវឹង ហើយបានអង្គុយជក់បារីនៅក្រោមផ្ទះ ក្បែរម្តាយក្មេកដែលកំពុងដេក បានមួយសន្ទុះក៏ចេញទៅបាត់ទៀត ប្រមាណជា៤-១០នាទីក្រោយមក ស្រាប់តែមានអគ្គីភ័យកើតឡើង ឆេះទាំងផ្ទះឆេះទាំងម្តាយដែលដេកនៅក្រោមផ្ទះនោះ រហូតបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងតែម្តង។

អធិការនគរបាលស្រុកព្រះស្តេច លោក ជ័យ សេងហ៊ាង បានអោយដឹងថា តាមចម្លើយរបស់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ រួមទាំងអ្នកជិតខាងផង អគ្គីភ័យនេះកើតហេតុឡើងដោយសារតែបុរសជាប្តី ពេលត្រឡប់មកពីផឹកស្រាវិញ មិនឃើញប្រពន្ធនៅផ្ទះក៏អង្គុយជក់បារីនៅក្រោមផ្ទះ ក្បែរពំនូកចំបើង ទន្ទឹងមើលផ្លូវប្រពន្ធ ហើយបានចោលកន្ទុយបារីទៅក្បែរពំនូកចំបើង ពេលចាំប្រពន្ធយូរមិនឃើញមក ក៏ទៅតាមរកជួបប្រពន្ធកំពុងតែផឹកនៅផ្ទះអ្នកជិតខាង ក៏ចូលទៅផឹកជាមួយគ្នា ចំណែកនៅផ្ទះឯណោះវិញ ទំនងជាកន្ទុយបារីដែលម្ចាស់ផ្ទះជក់ហើយបោះចោលនោះ ខ្ទាតទៅប៉ះពំនូកចំបើងនៅក្រោមផ្ទះនោះ ទើបបង្កជាអគ្គីភ័យឆាបឆេះបែបនេះ។ ចំណែកស្រ្តីជាម្តាយដែលមានវ័យចាស់ជរា និងមានជម្ងឺក្នុងខ្លួនផងនោះមិនអាចងើបស្ទុះរត់ចេញរួច ក៏ត្រូវភ្លើងឆេះស្លាប់នៅក្រោមផ្ទះនោះទៅ។

លោកអធិការបានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនេះ ជាប្រភេទផ្ទះឈើ ប្រក់សង្ក័សី មានទំហំ៦ម៉ែត្រ គុណនិង ៧ម៉ែត្រ ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះដែលត្រូវភ្លើងឆេះអស់រួមមាន កង់១គ្រឿង ម៉ូតូ១គ្រឿង ថវិកា១.០០០ដុល្លារ និងសម្ភារៈមួយចំនួនទៀត៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ