រឿងដីធ្លីដ៏ក្ដៅគគុកនៅសង្កាត់កោះរ៉ុង ដែលមន្ដ្រីអាជ្ញាធរព្រះសីហនុ៥នាក់ ជាប់ពន្ធនាគារនោះ ឥឡូវតុលាការផ្ដន្ទាទោស លោក សុខ ប៊ុន ជាប់ពន្ធនាគារ៧ឆ្នាំ
ភ្នំពេញ ៖ បន្ទាប់ពីបានកាត់ទោសក្រុមមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុចំនួន៥នាក់ ឃុបឃិតជាមួយអតីតឧកញ៉ា សុខ ប៊ុន ដើម្បីរំលោភយកដីរដ្ឋរាប់រយហិចតា នៅកោះរ៉ុង ចៅក្រមតុលាការរាជធានីភ្នំពេញឈ្មោះ សេង ឬទ្ធី បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក សុខ ប៊ុន ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ និងពិន័យប្រាក់បង់ចូលថវិការដ្ឋ១០លានរៀល ផងដែរ។
បើតាមសេចក្ដីចោទប្រកាន់របស់តុលាការ លោក សុខ ប៊ុន ត្រូវបានចោទពីបទក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយ ចេតនា និងគៃបំបាត់ ដោយទុច្ចរិតប្រព្រឹត្តនៅសង្កាត់កោះរ៉ុងក្រុងព្រះសីហនុខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៦២៩, ៦៣០និង ២៨(៦០១) នៃ ក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ។
បន្ថែមពីនេះ លោក សុខ ប៊ុន បានយកឯកសារផ្ទេរ សិទ្ធិកាន់កាប់អចលនទ្រព្យ មួយច្បាប់ទៅឲ្យអាជ្ញាធរភូមិសង្កាត់ ដើម្បីចុះហត្ថលេខាទទួល ស្គាល់តាមផ្លូវច្បាប់ដោយ ក្នុងឯកសារនោះបញ្ជាក់ថា ដីទំហំជាង ៥០០ ហិកតា ជារបស់លោក សុខ ប៊ុន ដែល បានមកពីការទិញពីបុរសម្នាក់ឈ្មោះ ម៉ា ស៊ី ជាអ្នករស់នៅក្នុងភូមិព្រៃស្វាយសង្កាត់កោះរ៉ុងនេះ តាំង ពី ឆ្នាំ ២០០២ ។ ប៉ុន្តែអាជ្ញាធរ ភូមិ-សង្កាត់ ចាត់ទុកឯកសារនោះ ជាឯកសារមិនប្រក្រតី និងបដិសេធការចុះ ហត្ថលេខាទទួលស្គាល់លើឯកសារនោះ។
សូមរំលឹកថា លោក សុខ ប៊ុន ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំម្ដងរួចមកហើយកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ ប៉ុន្តែឲ្យអនុវត្តទោសតែ១០ ខែ ពាក់ព័ន្ធនិង ហិង្សាទៅលើពិធីការិនីទូរទស្សន៍ ឯក សុជាតា ហៅសាសា កាលពីខែ កក្កដា ឆ្នាំ ២០១៥៕EB