ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឲ្យ សមាគម សិប្បករកម្ពុជា ពិនិត្យលទ្ធភាពលើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដូចជា ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ក្នុងការធ្វើទីផ្សារឲ្យភ្ជាប់ទៅនឹងអតិថិជន បានទូលំទូលាយ។យោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបសម្ដែងការគួរសមដោយលោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) នៃ សមាគមសិប្បករកម្ពុជា (Artisans Association of Cambodia) កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា «លើកទឹកចិត្តឲ្យសមាគម ពិនិត្យលទ្ធភាពលើ ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការធ្វើទីផ្សារ និងផ្សារភ្ជាប់ទៅនឹងអតិថិជន និងទីផ្សារទូលំទូលាយ។ ក្រសួងពាណិជ្ជកម្ម នឹងជួយជំរុញ បន្ថែមលើការងារនេះ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសផងដែរ»។

ជាការឆ្លើយតប លោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ នឹងអនុវត្តតាមការណែនាំរបស់ រដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម ក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ ជីវភាព ប្រជាពលរដ្ឋដែលជាសិប្បករ និងសិល្បករ។

នាឱកាសនោះដែរ សមាគមសិប្បករកម្ពុជា បានរៀបរាប់ថា ដោយសារបញ្ហាជំងឺរាតត្បាត កូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមានការថយចុះ ដូច្នេះ សមាគមមានបំណងក្នុងការចងក្រងសិប្ប ករជាក្រុម ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកកាត់ទៅកាន់ទីផ្សារផ្សេងៗ ដូចជា នាំចេញទៅ ទីផ្សារបរទេសការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។ សម្រាប់ការងារទាំងនេះ សមាគមនឹងជួយសម្រួល និងណែនាំលើភស្ដុភារកម្ម និងការ ធ្វើទីផ្សារ។

ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រីពាណិជ្ជកម្ម បានលើកឡើងថា  ក្រសួងពាណិជ្ជកម្មមានតួនាទី ក្នុងការអនុវត្តចលនា ភូមិមួយ ផលិតផលមួយ ដូច្នេះហើយការងារដែលលើកឡើង ដោយសមាគម គឺមានភាពស្របទៅនឹងគោលការណ៍របស់ក្រសួងផងដែរ។ ក្រសួងពាណិជ្ជកម្មគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយជូនជាយោបល់ឲ្យសមាគម ធ្វើការបន្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ផលិតករ និងសិប្បករខ្មែរ តាមរយៈការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ