ភ្នំពេញ  ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» របស់សាជីវកម្មធានាឥណទានកម្ពុជាទំហំ២០០លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ, ខ្នាតតូចនិងមធ្យម, និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានដល់ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដើម្បីគាំទ្រដល់អាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន។

កញ្ចប់ដំបូងនៃគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) នឹងចូលរួមបង្កើនទំហំឥណទានថ្មី នៅក្នុងវិស័យធនាគារ ចំនួន ២០០ លានដុល្លារ សម្រាប់អាជីវកម្មដែលស្នើសុំឥណទានពី គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព និងធនាគារព្រីនស៍។

គម្រោងធានាឥណទាននេះ នឹងត្រូវបានផ្តល់ជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដែលកំពុងរៀបចំខ្លួនដើម្បីក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា។ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការ ទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ