រដ្ឋបាលខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនី សម្រុកចេញពីកន្លែងធ្វើការនោះ ដោយសារពួកគាត់ ជឿតាមការញុះញង់ និងការបំផុសបំផុលពីអ្នកដទៃ
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា កម្មករ-កម្មការិនី រោងចក្រនាំគ្នាសម្រុកចេញពីកន្លែងធ្វើការនោះ ដោយសារពួកគាត់ ជឿតាមការញុះញង់ និងការបំផុសបំផុល ក្រោយពីអាជ្ញាធរណែនាំរឿងយកសំណាកពិនិត្យជំងឺកូវីដ-១៩។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស នៅប៉ុស្តិ៍យកសំណាកក្រុងបាវិត ជាលទ្ធផលវិជ្ជមានកូវីដ-១៩។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៦ ឧសភា ថា ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានចុះយកវត្ថុវិភាគសំណាក អ្នកប៉ះពាល់ផ្ទាល់ចំនួន ៩នាក់ លទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ នៅក្នុងរោងចក្រខាងលើ។
ក្រុមការងារបានបន្តយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩នៅអគារផ្នែកខាងមុខ ចំនួន១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន៥៤នាក់ បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រ ធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យ នៃការឆ្លងក្នុងរោងចក្រទាំងមូល។
រដ្ឋបាលខេត្ត បញ្ជាក់ថា «ប៉ុន្តែដោយសារមានការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនីនៅអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារ បានខិតខំពន្យល់ណែនាំពីការយកវត្ថុវិភាគសំណាករកមេរោគកូវីដ-១៩ ណែនាំអំពីការថែទាំសុខភាព និងផលប៉ះពាល់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កតាមដានសុខភាព ប៉ុន្តែបងប្អូនជឿតាមការញុះញង់ និងការបំផុសបំផុល ក៏បាននាំគ្នាធ្វើដំណើរចេញពីរោងចក្រតែម្តង»។
ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រ តម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ដែលចេញពីរោងចក្រមុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងត្រូវតាមដានសុខភាពជាប្រចាំ៕EB