ភ្នំពេញ  ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយថវិកាមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ចំនួន ៤២ ម៉ឺនដុល្លារ សម្រាប់ជួសជុលផ្នែកខ្លះនៃប្រាសាទភ្នំបាខែង នៅខេត្តសៀមរាប និងប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ ដើម្បីរួមចំណែកក្នុងការជួយអភិរក្សប្រាសាទដ៏មានតម្លៃរបស់កម្ពុជា។

ស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្នុងចំណោមថវិកាទាំង ៤២ ម៉ឺនដុល្លារនោះ ថវិកាចំនួន ៣០ ម៉ឺនដុល្លារ ត្រូវបានផ្ដល់ជូនដល់មូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង រយៈពេល ២៤ ខែ រហូតដល់ឆ្នាំ២០២២។ 

ចំណែកឯថវិកាចំនួន ១២ ម៉ឺនដុល្លារទៀត ត្រូវបានផ្ដល់ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្ស និងជួសជុលផ្នែកខ្លះនៃប្រាសាទព្រះវិហា មានដូចជាជណ្តើរខាងជើង និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៃជណ្តើរភាគខាងជើងនេះជាដើម។

ការចុះហត្ថលេខាលើការផ្ដល់ និងទទួលជំនួយថវិកានេះធ្វើឡើងក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា «ទីតាំងប្រវត្តិសាស្រ្តទាំងនេះ គឺជាចំណែកដែលនៅស្ថិតស្ថិរយូរអង្វែងនៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃនៅទូទាំងពិភពលោក»។

លោកស្រី ភឿង សកុណា បានឲ្យដឹងថា ការចូលរួមផ្ដល់ជំនួយនេះបញ្ជាក់ពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក រួមជាមួយនឹងសហគមន៍អន្តរជាតិក្នុងការការពារអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលឈរលើគុណតម្លៃរួមរវាងប្រទេសកម្ពុជា និងរដ្ឋាភិបាល និងប្រជាជនអាមេរិក នឹងបន្តមានភាពរឹងមាំបន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ