រាជរដ្ឋាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តបានបិទខ្ទប់
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀត និងអនុវត្តឱ្យម៉ឺងម៉ាត់នូវវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់។
យោងតាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្នុងសភាពការណ៍ថ្មី នេះ និងក្នុងគោលដៅបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្ត រាជរដ្ឋាភិបា ល សូមធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីដាក់ចេញ និងអនុ វត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា»។
រាជរដ្ឋាភិបាល បន្ដថា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដែលត្រូវបានបិទខ្ទប់ដោយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល ត្រូវបន្តពង្រឹងការអនុវត្តឱ្យបាន ម៉ឺងម៉ាត់នូវវិធានការបិទខ្ទប់នេះ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀត ជាពិសេស ចរាចរណ៍មនុស្សចេញ-ចូលតំបន់បិទខ្ទប់នេះ។
រាជរដ្ឋាភិបាល បន្ថែមថា សម្រាប់ភូមិសាស្ត្រ ឬទីតាំងដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អភិបាលខេត្តត្រូវចា ត់វិធានការសំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀតឱ្យបានឆាប់រហ័ស និងទាន់ពេល វេលា តាមរយៈការដាក់ចេញវិធានការនានា ជាអាទិ៍ ៖ ការបិទខ្ទប់នូវភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ,ការផ្អាកសកម្មភាពអាជីវកម្ម មុខរបរ ឬសកម្មភាពការងារ ជាដើម ជាពិសេសនោះ ត្រូវយកសំណាកទៅវិភាគរកមេ រោគកូវីដ-១៩ និងពង្រឹងវិធានការធ្វើចតាឡីស័ក។
រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ អភិបាលខេត្ត ត្រូវចាត់វិធានការដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេស ការយកសំណាករបស់អ្នកធ្វើដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩។ ដោយឡែក ចំពោះអ្នកធ្វើដំណើរដែល មានលិខិតបញ្ជាបេសកកម្មរបស់ស្ថាប័នសា ធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍) អភិបាលខេត្ត ដោយសហ ការជាមួយមន្ត្រីសុខាភិបាល ត្រូវរៀបចំការយកសំណាក ទៅវិភាគរហ័សរកមេរោគកូវីដ-១៩។
រាជរដ្ឋាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តដែលមានព្រំប្រទល់ ជាប់នឹងខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន អភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នា ដើម្បីដាក់ចេញនូវវិធានការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរៀងខ្លួនជាបណ្តោះអាសន្ន៕EB