សម្តេចហេង សំរិន ប្រធានរដ្ឋសភា តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួនពីជំងឺកូវីដ១៩ ទោះបីជាងមួយសប្តាហ៍មកនេះ ប្រទេសកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយ។ លោកប្រធានរដ្ឋសភា បន្ថែមថា ពលរដ្ឋមិនត្រូវធ្វេសប្រហែសនិងភ្លេចខ្លួនពីការការពារពីជំងឺកូវីដ-១៩ឡើយ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការសម្តេចហេង សំរិន ប្រធានរដ្ឋសភា បានសរសេរថា “សូមបងប្អូនជនរួមជាតិបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួនពីជំងឺកូវីដ១៩ ទោះបីជាងមួយសប្តាហ៍មកហើយដែល ប្រទេសយើងពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មី ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសនិងភ្លេចខ្លួនពីការការពារពីជំងឺនេះនោះទេ។ សូមបងប្អូន កូនក្មួយទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួន កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិរបស់យើងទៀត...។”

ការអំពាវនាវរបស់សម្តេចធ្វើឡើងខណៈដែលវីរុសកូវីដ-១៩ក្នុងប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរគួរឲ្យកត់សម្គាល់យ៉ាងខ្លាំង ជាក់ស្ដែងកម្ពុជាមានអ្នកជាសះស្បើយពីវីរុសសកលមួយនេះរហូតដល់ទៅ ៩០,១៩% ពិសេសនោះគឺរយៈពេលជាង១សប្ដាហ៍កន្លងមកនេះ កម្ពុជាពុំមានករណីឆ្លងថ្មីបន្ថែមឡើយ ដោយតួលេខអ្នកឆ្លងថេរនៅចំនួន ១២២នាក់ដដែល ហើយអ្នកកំពុងសម្រាកមានចំនួន១២នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ