ក្លិបអាជីព ៣ ពោលគឺក្លិបភ្នំពេញក្រោន, ក្លិបបឹងកេតអេហ្វសុី និងក្លិបវិសាខា បានធ្វើការផ្លាស់ប្ដូរសមាសភាពកីឡាករ និងគ្រូបង្វឹកថ្មី​ ដែលគួរឲ្យភ្ញាក់ផ្អើលមួយដល់អ្នកគាំទ្ររៀងៗខ្លួន សម្រាប់ត្រៀមធ្វើការប្រកួតប្រជែងនៅក្នុងរដូវកាលថ្មីនៃពានរង្វាន់លីគកំពូលកម្ពុជា ២០១៩ខាងមុខនេះ។

១ ក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីថ្ងៃទី ២៤ ខែ តុលា​ ឆ្នាំ ២០១៨ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានធ្វើការតែងតាំងគ្រូបង្វឹកថ្មីសញ្ជាតិ ប្រេសុីល លោក Leonardo Vitorino ដែលមានបទពិសោធន៍ជាមួយវិស័យកីឡាបាល់ទាត់រយៈពេលជាង២៥ឆ្នាំដែលធ្លាប់ដឹកនាំក្លឹប៖ Ceara Sporting Club នៅឆ្នាំ២០១៨ ជម្រើសជាតិកម្ពុជាឆ្នាំ២០១៧ Lanexang United ឆ្នាំ២០១៦ Buriram United ឆ្នាំ២០១៤ – ២០១៦។

ចំណែកកីឡាករថ្មីវិញ ក្លិបជើងឯក ៦សម័យនេះបាននាំយកកីឡាករ​ វ៉ា សុខថន ជាអតីតសមាជិករបស់ខ្លួនត្រលប់មកជួយក្លិបវិញជាថ្មី ខណៈកូនខ្មែរកាត់បារាំងរូបនេះ ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជាជាមួយភ្នំពេញក្រោនផងដែរកាលពីរដូវកាល ២០១៥ បន្ទាប់មកក៏ត្រលប់ទៅប្រទេសបារាំងវិញ។

២ ក្លិបបាល់ទាត់វិសាខា នាថ្ងៃទី ០១​ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ការធ្វើការចុះកុងត្រានាំយកកីឡាករជម្រើសជាតិ ២រូបដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរីករាយយ៉ាងខ្លាំង ពោលគឺកីឡាករ ឆេង ម៉េង និងកីឡាករ សារី ម៉ាត់ណូរ៉ូទីន ពីក្លិបណាហ្គាវើល សម្រាប់បំពេញបន្ថែមនៅតំបន់ខ្វះខាតរបស់ក្រុមមានមូលដ្ឋាននៅតំបន់ហ្គ្រេនភ្នំពេញមួយនេះ។

មិនមែនតែកីឡាករ ២រូបខាងលើ វិសាខា បានប្រមូលយកកីឡាករសំខាន់ៗរបស់ភ្នំពេញក្រោនចំនួន ៥រូបបន្ថែមទៀតពោលគឺ កីឡាករ សុិន កក្កដា, កីឡាករ អុិន សូដាវីដ, កីឡាករ អ៊ុក សុវណ្ណ, កីឡាករ គឹម ឆៃយ៉ា និងកីឡាករ​ កែន ច័ន្ទសុភ័ក្ត្រ ដែលជាសមាជិកថ្មីរបស់ក្លិបចំណូលថ្មីមួយនេះ ដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើល និងសប្បាយចិត្តចំពោះការនាំចូលសមាជិកថ្មីទាំងនេះ។

៣ ក្លិបបាល់ទាត់បឹងកេត បានចុះហត្ថាលេខានាំយកកីឡាករវ័យក្មេងពីក្លិបអគ្គិសនីកម្ពុជា ពោលគឺកីឡាករ ម៉ាត់ នូរុណ កាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងការផ្ទេរយកកីឡាករវ័យក្មេងពោរពេញដោយសមត្ថភាពខ្ពស់រូបនេះផងដែរ។

គួរបញ្ជាក់ថា​ មកទល់នឹងពេលនេះ មិនទាន់មានដំណឹងអំពីកាលបរិច្ឆេទនៃការចាប់ផ្ដើមលីគកំពូលកម្ពុជារដូវកាល ២០១៩ នៅឡើយទេ ដោយកាលពីរដូវកាលចាស់ ក្លិបណាហ្គាវើល ជាម្ចាស់ជើងឯក ចំណែកឯ ក្លិបវេស្ទើនភ្នំពេញ ជាក្រុមដែលកាត់ចេញទៅលេងលីគទី២ផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ