(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ជាព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៤ព្រះវស្សា យាងចូល៨៥ព្រះវស្សា។ ខាងក្រោមនេះគឺជាព្រះជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ៖
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។
សម្តេចព្រះមហាក្សត្រីមានព្រះនាមដើម ប៉ូល ម៉ូនិក អ៉ីហ្សហ្ស៉ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៉ីហ្សហ្ស៉ី ដើមកំណើតអ៊ីតាលី តែបានទទួលមរណភាពនៅសង្គ្រាមលោកលើកទី២។ ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជនជាតិខ្មែរ។ ព្រះអយ្យិកា របស់ព្រះមហាក្សត្រី ព្រះនាមអ៊ុក។ ព្រះមហាក្សត្រី មានព្រះអនុជព្រះនាម អាន ម៉ារី អ៉ីហ្សហ្ស៉ី (Ann Mary Izzi)។
កាលពីកុមារភាពទ្រង់បានសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម មធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅលីសេដេកាត ក្រុងភ្នំពេញ។ សម្តេចម៉ែ អាចមានព្រះបន្ទូលជាភាសាបារាំង និងអង់គ្លេស។ សម្តេចម៉ែ បានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែមេសា ឆ្នាំ១៩៥២។
សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជបុត្រពីរអង្គ គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន និងព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស។ ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ទ្រង់បានសោយទិវង្គតនៅឆ្នាំ២០០៣ ដោយជំងឺបេះដូង។
នៅចុងឆ្នាំ១៩៦០ សម្តេចម៉ែ ជាព្រះប្រធានកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ននេះទ្រង់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្តេចម៉ែ ទ្រង់ជាមហេសីសំណព្វរបស់ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ដែលបានទទួលព្រះស្រឹង្គារក្តីស្រឡាញ់ មេត្តាប្រោសប្រណីយ៉ាងខ្លាំងក្លាពីព្រះស្វាមី ក្នុងរយៈពេលដ៏យូរលង់ជាងកន្លះសតវត្សរ៍កន្លងទៅនេះ។
សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានយាងតាមព្រះករុណា ព្រះមហាវីរក្សត្រស្ទើរគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២នោះឡើយ។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំព្រះបរមងារថ្វាយព្រះរាជមាតា ដោយថ្វាយព្រះបរមងារថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ