បន្ទាយមានជ័យ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយថយរថយន្តបុកបង្កាន់ដៃស្ពាន បាក់ធ្លាក់ចូលក្នុងអាងទឹកត្រពាំងថ្ម។ ហេតុការណ៍ បង្កឲ្យមានការផ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ចំណុចស្ពានទី១ រមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិ ត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។នេះបើយោងតាម​ គេហទំព័រអគ្គស្នងការនគរបាលជាតិ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា មុនពេលកើតហេតុ មានឈ្មោះ ព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានឲ្យប្តីឈ្មោះលាង ភាឡៃ ភេទប្រុស អាយុ៣៦ឆ្នាំ បង្រៀនបើកបររថយន្ត ។ នៅពេលបើកដល់ចំណុចកៀនស្ពានខាងលិច ដែលជា កន្លែងចំណោត រថយន្តបានថយក្រោយពេលនោះអ្នកបើកបានបញ្ចូលលេខទៅមុខ ប៉ះលេខថយក្រោយហើយជាន់ហ្វ្រាំងច្រឡំរ៉ាបណ្តាលឲ្យរថយន្តមានល្បឿនខ្លាំង ថយក្រោយបុកអ្នកលក់ផ្លែឈូកនៅក្បែរបង្កាន់ដៃស្ពានរបួសធ្ងន់ រួចបន្តបុកបង្កាន់ដៃដែកស្ពានបាក់ធ្លាក់ចូលក្នុងអាំងទឹករងរបួសទាំង២នាក់ប្តីប្រពន្ធ។លោកអធិការបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្ត្រីអ្នករៀនបើកបរឈ្មោះព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ (ជាប្រពន្ធ របួសធ្ងន់បែកលើភ្នែកខាងឆ្វេង) ចំណែក ប្តីអ្នកបង្រៀន ឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ៣៦ឆ្នាំ របួសធ្ងន់បែកចិញ្ចើមឆ្វេង២នាក់ប្តីប្រពន្ធសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ចំពោះរថយន្តដែល បើកបរម៉ាកតូយូតាហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A.9331 ។ ចំណែកស្ត្រីអ្នកលក់ផ្លែឈូកក្បែរបង្កាន់ស្ពានឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
បច្ចុប្បន្ន រថយន្តកំពុងតែស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ