បន្ទាយមានជ័យ៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានថ្លែងថា មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តបន្ទាយមានជ័យកំពុង ធ្វើការស៊ើបអង្កេត ករណីអគ្គិភ័យឆាបឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត បណ្ដាលឲ្យ មានមនុស្សស្លាប់ និងរបួសជាង ១០០នាក់ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលរុករក និងសង្គ្រោះ ចំពោះមនុស្ស ឬសាកសព ក្នុងគ្រោះអគ្គិភ័យនេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ជាលទ្ធផលចុងក្រោយអ្នកស្លាប់មានចំនួន ២៦នាក់ និងមនុស្សប្រមាណ ១០០នាក់ រងរបួសធ្ងន់ស្រាល និងមានអ្នកចេញពីមន្ទីរពេទ្យបណ្ដើរៗហើយ មិនមានបញ្ហាប្រឈមរហូតដល់ស្លាប់ នោះទេ ប៉ុន្តែមានម្នាក់រងរបួសខ្លាំងពេក និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
លោកបានបន្តថា ចំពោះករណីនេះ មន្ត្រីជំនាញ និងអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ហើយបញ្ហាសំណង់ ខាងអាជ្ញាធរត្រូវពិនិភាក្សា ដើម្បីដោះស្រាយជាមួយភាគីក្រុមហ៊ុន ចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ គឺបញ្ចប់ត្រឹមការជួយរុករកនេះ ។
អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានបន្ថែមថា នៅមុនពេលកើតហេតុ មានបុគ្គលិកធ្វើការជាង ៤០០នាក់ និងមានអ្នកចូលលេងល្បែងក្នុងកាស៊ីណូនេះជាច្រើនរយនាក់ ក្នុងពេលឆេះបានរត់ចេញ ហើយអ្នកស្លាប់គឺកំពុងដេកលក់ក្នុងបន្ទប់ និងអ្នកខ្លះស្លាប់ពេលរត់ចេញពីបន្ទប់ ខណៈស្ថានភាពភ្លើង និងផ្សែងខ្លាំង ធ្វើឲ្យអ៊ុកស៊ីហ្សែនខ្សោយ ។
ជាមួយនេះកម្លាំងរុករកបានបិទបញ្ចប់ទាំងស្រុង ហើយ បន្ទប់ពីបានខិតខំស្វែងរកជនរងគ្រោះ ក៏ដូចជាឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋ ដែលជាគ្រួសារបុគ្គលធ្វើការក្នុងកាស៊ីណូ បានសង្ស័យថា មានជាប់នៅតាមបន្ទប់នោះ ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ឈានចូលដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មាន ករណីឆេះអគារកាស៊ីណូឈ្មោះ ហ្គ្រេនដាយមិន កម្ពស់ជាង១០ជាន់ ស្ថិតក្នុងក្រុងប៉ោយប៉ែត បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយមានកងកម្លាំងជាច្រើនរយនាក់ ដែលមានខ្មែរ និងថៃ បានជួយអន្តរាគមន៍ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ