សហភាពអឺរ៉ុប កំពុងកៀគរថវិកាជិត៥០០លានដុល្លារ ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩
ភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) កំពុងកៀគរថវិកាចំនួន ៤៤៣ លានអឺរ៉ូ (ប្រមាណ៤៨៣លានដុល្លារ) ដើម្បីយកមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន សហភាពអឺរ៉ុប ថ្មីៗនេះថា សហភាពអឺរ៉ុប បានបញ្ជាក់ថា ទឹកប្រាក់ដែលកៀគរមកទាំងនេះ គឺជាជំនួយឥតសំណង និង ប្រាក់កម្ចី ដើម្បីយកមកអនុវត្តការងារជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជា កាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។ សហភាពអឺរ៉ុប នឹងផ្ដល់ទាំងជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ដើម្បីជួយកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ និងការពារក្រុមដែលងាយរងគ្រោះជាងគេនៅក្នុងបរិបទជំងឺកូវីដ-១៩។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា លោកស្រី Carmen Moreno បានបញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពគ្នា។ លោកស្រី Carmen Moreno មានប្រសាសន៍ថា « ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជាក្នុងពេលវេលាដ៏សែនពិបាកនេះ។ យើងត្រូវធ្វើការងាររួមគ្នា ដើម្បីធានាឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងរឹងមាំ ក៏ដូចជា ជួយកាត់បន្ថយផលប៉ះពាល់ដែលការរាតត្បាតជាសកលនេះបង្កលើជីវិតមនុស្ស ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ យើងប្រើប្រាស់ធនធានរបស់យើងរួមគ្នា និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនានា ជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ»។ជំនួយគាំទ្ររបស់ដៃគូអឺរ៉ុប ដែលផ្ដល់ដល់ប្រទេសកម្ពុជា គឺផ្ដោតលើអាទិភាពសំខាន់ៗចំនួនបី ស្របតាមផែនការគោលស្ដីពីការឆ្លើយតបចំពោះជំងឺកូវីដ-១៩ របស់កម្ពុជា រួមមាន វិស័យសុខាភិបាល,មុខរបរចិញ្ចឹមជីវិត និងសន្តិសុខស្បៀង និងការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ