អូស្រ្តាលី-អាល្លឺម៉ង់ គាំទ្រកម្មវិធី ផ្ទេរសាច់ប្រាក់ជាបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ជូន គ្រួសារក្រីក្រ
ភ្នំពេញ ៖ ប្រទេសអូស្រ្តាលី និងប្រទេសអាល្លឺម៉ង់ មានសេចក្តីសោមនស្សរីករាយ ក្នុងការជួយ គាំទ្រ កម្មវិធីផ្ទេរសាច់ប្រាក់ ជាបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់គ្រួសារក្រីក្រ ក្នុងអំទ្បុង ពេលនៃជំងឺ កូវីដ-១៩។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា «ប្រទេសអូស្ត្រាលី និងប្រទេសអាល្លឺម៉ង់ មើលឃើញពីគំនិតផ្តួចផ្តើមនេះ ជាទិវាប្រវត្តិសាស្រ្តមួយ របស់ប្រទេសកម្ពុជា ដែលត្រូវបានប្រកាស ឲ្យអនុវត្តនាថ្ងៃនេះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ ពួកយើងមានមោទនភាព ចំពោះជំនួយដ៏យូរអង្វែង របស់យើងមកលើកម្មវិធី កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ របស់ក្រសួងផែនការ ដែលផ្តល់លទ្ធភាពក្នុងការ អនុវត្តន៍គំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់នេះ» ។
កម្មវិធីផ្ទេរសាច់ប្រាក់ដ៏ធំលើកដំបូង របស់កម្ពុជា អាចលេចជារូបរាងទ្បើង ដោយសារតែកម្មវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។ ប្រទេសអូស្រ្តាលី (ផ្តល់ជំនួយចំនួន ១៤លានដុល្លារ អូស្ត្រាលី) និងប្រទេសអាល្លឺម៉ង់ (ផ្តល់ជំនួយចំនួន៦,១លានអ៊ឺរ៉ូ) បាននិងកំពុងធ្វើការ ជាមួយក្រសួងផែនការ តាម រយៈទីភ្នាក់ងារកិច្ច សហប្រតិបត្តការអាល្លឺម៉ង់ (GIZ) អស់រយៈពេលជាង១០ឆ្នាំ ក្នុងការបង្កើត និងថែរក្សាប្រព័ន្ធពិសេស របស់កម្ពុជា មួយនេះ ក្នុងការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ។
ប្រទេសអាល្លឺម៉ង់ ប្តេជ្ញាបន្ថែមជំនួយចំនួន ១ លានអឺរ៉ូ សម្រាប់ការផ្ទេរសាច់ប្រាក់ តាមរយៈកម្មវិធីរួមជាមួយប្រទេសអូស្រ្តាលី ។ ប្រព័ន្ធទិន្ន័យ នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានធ្វើបច្ចុប្បន្នភាព ជាទៀងទាត់ ហើយបច្ចុប្បន្ននេះ មានគ្រួសារចំនួន៥៦០.០០០ គ្រួសារ (ស្មើនឹងប្រជាជនកម្ពុជា២,៣លាននាក់) ទទួលបានសិទ្ធិចូលរួម ក្នុងកម្មវិធីថ្មីក្នុងការ ទទួលបានសាច់ប្រាក់នេះ ។
លោកPablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តភ័ក្ត ជាមួយប្រជាជនកម្ពុជា ប្រទេសអូស្រ្តាលី មានចំណែករួមមួយ លើភាពស៊ាំសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងមានឆន្ទៈមុតមាំ ក្នុងការធ្វើការជាមួយ ដៃគូនានា ដើម្បីបង្កើតវិថីដែលអាចដំណើរការ បានក្នុងការអភិវឌ្ឍន៍ជីវភាព ពលរដ្ឋកម្ពុជាគ្រប់រូប ឲ្យកាន់តែល្អប្រសើរ» ។
លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «កម្ពុជាបាននិងកំពុងគ្រប់គ្រង វិបត្តិសុខភាពប្រកបដោយជោគជ័យ ហើយបច្ចុប្បន្ននេះ កំពុងតែដោះស្រាយផលប៉ះពាល់ សេដ្ឋកិច្ច-សង្គម ដោយសារវិបត្តិនេះ។ កម្មវិធីផ្ទេរសាច់ប្រាក់ ដែលបានគ្រោងទុកនេះ គឺជាយន្តការ ដ៏មានប្រសិទ្ធិភាពមួយ៖ កម្មវិធីនេះសំដៅ ជួយគ្រួសារណា ដែលកំពុងមានតម្រូវការ ហើយនៅពេលជាមួយគ្នានេះដែរ វាជួយបង្កើនចំណាយ ក្នុងការប្រើប្រាស់ ដែលជួយដល់សេដ្ឋកិច្ចទាំងមូល ។ ខ្ញុំមានមោទនភាព ដែលតាមរយៈជំនួយពីប្រទេសអាល្លឺម៉ង់ និងប្រទេសអូស្រ្តាលី រាជរដ្ឋាភិបាលកម្ពុជា ឥទ្បូវនេះមានប្រព័ន្ធមួយក្នុងដៃ ក្នុងការជួយដោយផ្ទាល់ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ»។
សូមរំលឹកថា អូស្រ្តាលី និងប្រទេសអាល្លឺម៉ង់ មានការប្តេជ្ញាចិត្ត ក្នុងការបន្តធ្វើការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងវិស័យឯកជនសម្រាប់ប្រព័ន្ធគាំពារ សង្គម ដែលជួយគាំទ្រដល់សហគមន៍ ឲ្យកាន់តែមានភាពស៊ាំ ហើយពេលនោះពលរដ្ឋគ្រប់រូប នឹងអាចចូលរួមក្នុងជីវិត សេដ្ឋកិច្ចនិងសង្គម ៕EB