នាយកដ្ឋាន សុខុមាលភាពសង្គម ៖ មានគ្រួសារក្រីក្រជិត ៩ពាន់ ទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល
ភ្នំពេញ៖លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម បានអះអាងថា គិតត្រឹម ម៉ោង២រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មានគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ ចំនួន ៨៨២៣គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល គិតជា ទឹកប្រាក់ជាង ១៥៧លានរៀល។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី”នីតិវិធី និងដំណើរការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ” នៅរសៀលថ្ងៃ២៥ មិថុនា លោក ឈួរ សុបញ្ញា បានថ្លែងថា “ក្រោយពីការប្រកាស របស់សម្ដេចតេជោ នាយក រដ្ឋមន្រ្តីហើយ គឺយើងបានដំណើរការ នៃការបើកផ្ដល់របស់យើងគឺចាប់ព្រឹក ថ្ងៃទី២៥នេះនៅក្របខណ្ឌ ទូទាំងប្រទេស ដែលគិតនៅត្រឹម ម៉ោង១៤និង៥៤នាទីនេះ យើងបានដឹងថា អ្នកទទួលផល ចំនួន ៨៨២៣គ្រួសារ ដែលអស់ទឹកប្រាក់ ចំនួន ១៥៧៩លាន ៩២០ពាន់រៀល ដែលបានបើករួចហើយ នៅក្របខណ្ឌទូទាំងប្រទេស”។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាល គឺធនានូវការបើក សាច់ប្រាក់ដោយមានតម្លាភាព មិនឲ្យមានការបាត់បង់ សូម្បីតែមួយរៀល ហើយរាល់សេវាទាក់ទងប្រតិបត្តិការ នានា គឺរដ្ឋជាអ្នកចេញជូនទាំងអស់ ដែលមិនធ្វើឲ្យមានការប៉ះពាល់ដល់ អ្នកទទួលផលឡើយ។
សូមបញ្ជាក់ថា គ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ នឹងត្រូវទទួលបាន ប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល ចំនួន៥៦ម៉ឺន គ្រួសារ ដោយគិតត្រឹមរយៈពេល៥ខែឆ្នាំ២០២០នេះ ។រាជរដ្ឋាភិបាលបាន បញ្ចេញថវិកាចំនួន ១២៥លាន ដុល្លាររួចហើយ ដើម្បីជួយដល់គ្រួសារក្រីក្រ ខណៈ១ខែ ចំណាយអស់២៥លានដុល្លារ នឹងត្រៀមបញ្ចេញថវិកាបន្ថែមទៀត បើកូវីដ១៩ នៅអូសបន្លាយរយៈពេល យូរទៀតនោះ ៕EB