ភ្នំពេញ៖ នៅក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអះអាងថារដ្ឋាភិបាលសហរដ្ឋអាមរិក នឹងបន្តជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថាលោកឯកអគ្គរដ្ឋទូត Patrick Murphy បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ក្នុងស្ថានការណ៍ នៃជំងឺកូវីដ១៩នេះ ក៏ដូចជាបានចាត់វិធានការ បានយ៉ាងល្អប្រសើរ ចំពោះការ រីករាលដាល នៃជំងឺកូវីដ១៩។ ជាក់ស្តែង នៅកម្ពុជាមានករណីឆ្លងតិច ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងមិនទាន់ មានករណីមរណភាព ដោយសារជំងឺកូវីដ១៩ នៅឡើយ។

លោកទូតបន្តថាជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រយុទ្ធនឹងជំងឺនេះគិតជាទឹកប្រាក់ប្រមាណ ៣.៥លានដុល្លារអាមេរិករួចមកហើយផងដែរ។

លោក Patrick Murphy បានបញ្ជាក់ថា«រដ្ឋាភិបាលសហរដ្ឋអាមរិក នឹងបន្តជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្ការទប់ស្កាត់និងឆ្លើយតបនឹងការរីករាលដាល នៃជំងឺកូវីដ១៩នេះ»។

លោកបន្តថា ឆ្នាំ២០២០ គឺជាខួបទី៧០ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក, ក្រៅពីគម្រោងអភិវឌ្ឍន៍, សហរដ្ឋអាមេរិក គ្រោងនឹងផ្តល់ជំនួយ បច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សិក្សាលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់។ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការជឿជាក់ថា ក្នុងឆ្នាំ២០២០នេះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កាកាន់តែធំធេងថែមទៀត។

ជាការឆ្លើយតបលោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ១៩ ពិសេសសម្រាប់វិស័យសុខាភិបាលក៏ដូចជា សម្រាប់វិស័យសេដ្ឋកិច្ច ស្របពេលដែលដៃគូអភិវឌ្ឍន៍នានា ក៏កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងសកម្មផងដែរ។ ការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងគ្រាដ៏លំបាកនេះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោកបន្តថា ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយ ដៃគូអភិវឌ្ឍន៍នានា រួមទាំងសហរដ្ឋអាមេរិក ដើម្បីអនុវត្តគោលនយោបាយ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ច និងគាំពារសង្គម ជាពិសេស ផ្តោតលើការជួយ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ។

លើសពីនេះ ក្នុងបរិការណ៍ដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា លើសកលលោក កំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩នេះ, កម្ពុជា ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឲ្យមានស្ថេរភាព ដោយបានដាក់ចេញវិធានការណ៍ អន្តរាគមន៍ជាបន្តបន្ទាប់ ជាមួយនិងគោលនយោបាយ កែតម្រូវខ្សែច្រវាក់ផលិតកម្ម ឲ្យស្របតាមតម្រូវការទីផ្សារ ដើម្បីរក្សាអត្រាគ្មានការងារ ឲ្យនៅក្នុងកម្រិតទាប៕  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ