UNDP ចាត់ទុកសកម្មភាពមីនជាវិស័យអាទិភាព និងបន្តគាំទ្រជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានមីន នៅឆ្នាំ២០២៥
ភ្នំពេញ ៖ លោក Nick Beresford អ្នកតំណាងអង្គការ UNDP ប្រចាំកម្ពុជា បានឲ្យដឹងថា UNDP ចាត់ទុកសកម្មភាពមីនជាវិស័យអាទិភាព និងបន្តគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យមីនច្បាស់លាស់។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក Nick Beresford បានថ្លែងថា «UNDP ចាត់ទុក សកម្មភាព មីនជាវិស័យអាទិភាព និង បានសំដែងសុឆន្ទៈបន្តគាំទ្រជា មួយរាជរដ្ឋាភិបាល កម្ពុជា ដែលមានគោលនយោបាយនិងយុទ្ធសាស្ត្រវិស័យមីនច្បាស់លាស់ ហើយលោក បានសន្យា នឹងបន្តជួយកៀរគរធនធានបន្ថែមទៀតសម្រាប់ការបោសសម្អាតមីន ដើម្បីផ្តល់ ដីសុវត្ថិភាពជូនដល់ពលរដ្ឋក្រីក្រ និងកាត់បន្ថយគ្រោះថ្នាក់ជូន ប្រជាពលរដ្ឋកម្ពុជាផងដែរ»។
ចំណែកលោក លី ធុជ បានកោតសរសើរ ចំពោះអង្គការ UNDP ក្នុងភាពជាដៃគូក្នុង វិស័យសកម្មភាព មីនឲ្យទទួលបាននូវភាពជោគជ័យនាពេលកន្លងមក។
លោកស្នើសុំឲ្យ UNDP បន្តជួយកៀរគរថវិកាបន្ថែមជួយដល់វិស័យបោសសម្អាតមីន ដើម្បីកម្ពុជាសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ខាងមុខ៕EB