គម្រោងស្ដារសេវាកម្ម និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវាញប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត ទទួលថវិកាគាំទ្រ ចំនួន១,៥លានដុល្លារ
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា មូលនិធីបរិស្ថានសាកល (GEF) និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) ផ្ដល់ថវិការួមគ្នាប្រមាណ១,៥លានដុល្លារ សម្រាប់អនុវត្តគម្រោងស្ដីពី «ការគ្រប់គ្រងរួមគ្នាដើម្បីការពារស្ដារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវាញប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត» មានទីតាំងស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នាពេលថ្មីៗនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក Nick Beresford ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា និង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះទៅពិនិត្យគម្រោងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញ ដែលអនុវត្តដោយសហគមន៍តំបន់ការពារធម្មជាតិរស្មីសាមគ្គី។
ការអនុវត្តគម្រោងនេះ មានដូចជា ការផ្គត់ផ្គង់ និងការប្រើប្រាស់ទឹក ស្រះទឹក និងព្រៃឈើសហគមន៍ រួមទាំងផលិតផលដំណាំបន្លែផងដែរ។ ក្រៅពីនោះ លោក ម៉ុន សំអាត ប្រធានសហគមន៍ និងលោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម បានរាយការណ៍ពីការគ្រប់គ្រងព្រៃឈើសហគមន៍ និងផលប្រយោជន៍នៃប្រើប្រាស់ទឹកស្អាត ផលនិងអនុផលព្រៃឈើ រួមទាំងដំណាំរួមផ្សំបង្កើនផលដើមរដូវវស្សា និងស្ថានភាពសហគមន៍ព្រៃឈើទូទាំងខេត្ត។
ក្នុងគម្រោងនេះ ប្រធានអង្គការ UNDP ផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ព្រោះវាបានបន្ថយបញ្ហា និងផ្ដល់ភាពងាយស្រួលសម្រាប់ការដាំដុះព្រៃឈើសហគមន៍ ដើម្បីជាការកែលម្អ និងអភិរក្សគម្របព្រៃឈើ ក៏ដូចជាដីកសិកម្ម ពិសេសជីវភាពរបស់សមាជិកសហគមន៍។
លោក វេង សាខុន បានលើឡើងពីការអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរដែលមានដូចជាការទាញយកទឹកធម្មជាតិពីភ្នំឱរ៉ាល់មកប្រើប្រាស់ក្នុងសហគមន៍, ការជីកស្រះស្តុកទឹក, ការការពារ និងអភិរក្សព្រៃឈើសហគមន៍, ការគ្រប់គ្រងដីជម្រាល និងដីកសិកម្ម, កាយព្រំដីព្រៃឈើសហគមន៍ និងដាំឫស្សី និង បន្លែរួមផ្សំ ដែលនាំឲ្យជីវភាពប្រជាជនក្នុងសហគមន៍បានប្រសើរឡើង។
ក្រៅពីនោះ លោក ក៏បានស្នើទៅលោក មាស ពិសិដ្ឋ ជាម្ចាស់គម្រោង និងអង្គការ UNDP ឲ្យជួយបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មថ្មីៗ ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងបង្កើតរបរកសិកម្មបន្ថែមដូចជាការចិញ្ចឹមមាន់ និងដាំដំណាំដោយប្រើទឹកតិចជាដើម ដើម្បីប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិរស្មីសាមគ្គីឱ្យកាន់តែរីកចម្រើន។
លោក មាស ពិសិដ្ឋ បានលើកឡើងថា គម្រោងនេះមានគោលបំណងស្តារ កែលម្អ និងថែរក្សាគម្របព្រៃឈើ ធ្វើឱ្យមុខងារទីជម្រាលមានស្ថិរភាព លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាកម្មប្រព័ន្ធបរិស្ថានឱ្យមាននិរន្តរភាព។ ជាក់ស្តែងទុយោទឹកប្រវែង ២៧០០០ម៉ែត្រ ត្រូវបានតចូលក្នុង៣ភូមិ ហើយផ្តល់លទ្ធភាពឱ្យពលរដ្ឋ ចំនួន២៤៣គ្រួសារប្រើប្រាស់ទឹក និងសម្រាប់ធ្វើកសិកម្ម។ ស្រះទឹកធំៗចំនួន៣ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងសហគមន៍ កសិករ ៣៤គ្រួសារបានដាំឫស្សីផ្អែម ខ្ញី រំដេង និងស្លឹកគ្រៃ ស្វាយចន្ទី គ្រប់គ្រងនិងថែរក្សាព្រៃឈើសហគមន៍បានចំនួន៤០៧៨ហិកតា៕ E B