ភ្នំពេញ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក  នាពេលថ្មីៗនេះ បានផ្តល់មូលនិធិបន្ថែម ចំនួន១,៥ លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ យោងតាមការ ចេញផ្សាយ ក្រសួងព័ត៌មាន។

ស្ថានទូតសហរដ្ឋអាមេរិក បានឲ្យដឹងថា តាំងពីពេលចាប់ផ្តើមនៃការផ្ទុះ មេរោគរាតត្បាតនេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងផ្តល់ការគាំទ្រដល់ការសង្គ្រោះជីវិតមនុស្ស ដោយធ្វើការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូមនុស្សធម៌អន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងស្រុកដទៃទៀត ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ការជួយដល់ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះជំងឺកូវីដ ១៩ បន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏យូរអង្វែងរបស់យើងលើផ្នែកសុខាភិបាល ជាមួយប្រទេសកម្ពុជា។ ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកលមួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ជំនួយរបស់យើងនឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ ១៩ ថែមទៀត»។

លោកបន្តថា «រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានប្រវត្តិដ៏យូរក្នុងការធ្វើការរួមគ្នា ជាដៃគូប្រកបដោយផលិតភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងនូវប្រព័ន្ធសុខាភិបាល ដោះស្រាយនូវជំងឺឆ្លងផ្សេងៗ និងលើកកម្ពស់សមិទ្ធផលសុខាភិបាល សម្រាប់ប្រជាជនកម្ពុជា នៅក្នុងតំបន់ និងលើពិភពលោក»។

តាមរយៈភាពជាដៃគូដែលកំពុងមានមកនេះ ក្នុងការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូសប្បុរសធម៌អន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងស្រុក រដ្ឋាភិបាលសហរដ្ឋអាមេរិកជួយដល់៖ ការគ្រប់គ្រងលើករណីជំងឺ ដើម្បីពង្រឹងការថែទាំអ្នកជំងឺ ហើយកាត់បន្ថយហានិភ័យនៃការចម្លងទៅអ្នកដទៃ ការគ្រប់គ្រង និងការការពារកុំឲ្យមានការឆ្លង ដើម្បីការពារ និងគ្រប់គ្រងការឆ្លង នៅតាមកន្លែងថែទាំសុខភាព។ ការពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំ។ ការត្រួតពិនិត្យសុខភាពសាធារណៈនៅតាមច្រកចេញចូល ដើម្បីជួយកម្ពុជាក្នុងការអនុវត្តផែនការសម្រាប់គ្រាអាសន្ន ក្នុងការត្រួតពិនិត្យមនុស្សមកដល់ នៅតាមច្រកផ្សេងៗនៃប្រទេស ដូចជាព្រលានយន្តហោះ និងច្រកព្រំដែនគោក។ ការធ្វើការទាក់ទងគ្នានិងការផ្ញើសារដល់សាធារណជន ដើម្បីជួយអប់រំប្រជាជនអំពីវិធីដែលគេអាចធ្វើតាម ដើម្បីការពារ និងឆ្លើតបនឹងការរាលដាលនៃមេរោគនេះ។ ការធ្វើការអង្កេត និងការឆ្លើយតបឆាប់រហ័ស ដើម្បីពង្រីកការស្វែងរកឃើញករណី ព្រមទាំងការផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រសម្រាប់ក្រុមឆ្លើយតបរហ័ស ក្នុងការស៊ើបអង្កេតករណីជំងឺ ហើយធ្វើការតាមរកអ្នកប៉ះពាល់៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ