ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគគិតជាទឹកប្រាក់សរុបចំនួន២៨៧ ២០៦ ១៥៨រៀល (ប្រមាណជាង៧ម៉ឺនដុល្លារ) និង៣៩៤ ៦០០ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនថវិកាសរុបជាង៤០ម៉ឺនដុល្លារនេះ ទទួលបានពីការបរិច្ចាគរបស់សប្បុរសជនចំនួន ១៧,២៨១រូប ដែលរួមមានសមាជិកកិត្តិយសចំនួន១២រូប, សមាជិកគាំទ្រចំនួន ១២,៧៦០រូប, សប្បុរសជនផ្សេងៗ ចំនួន៤៥០៩រូប និងធុងបរិច្ចាគនៅតាមគោលដៅចំនួន១៧ធុង ដែលមានទឹកប្រាក់សរុប ២០ ១៨២ ៨០០ រៀល និង៦៥១ ដុល្លារអាមេរិក។
មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងទៀតថា ក្នុងត្រីមាសទី១នេះ មូលនិធិបានផ្ទេរថវិកាចំនួន ១,០៨៦,៣៦៨ដុល្លារអាមេរិក ទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តគាំទ្រការពិនិត្យព្យាបាល ដោយឥតគិតថ្លៃដល់កុមារកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាព របស់កុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀលក្នុងមួយខែ/៦០ ០០០រៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕
ដោយ ៖ E B
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់