សមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាជនពិការអាស៊ាន ASEAN PARA SPORTS FEDERATION (APSF) បានបើកកិច្ចប្រជុំអនឡាញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានសមាសភាពចូលរួមនៃតំណាងប្រទេសទាំងអស់នៃសមាជិកអាស៊ាន ដោយឯកភាពសម្រេចលុបចោលជាផ្លូវការនូវការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១០ នៅប្រទេសហ្វីលីពីន។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាថ្លែងថា សមាជិកអាស៊ានទាំងអស់ បានពិភាក្សាគ្នា ដោយយោងទៅលើលិខិតរបស់ម្ចាស់ផ្ទះហ្វីលីពីន ដោយមិនទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១០នេះទេ ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយនៅប្រទេសហ្វីលីពីន ហើយសន្សំថវិកាក្នុងការដោះស្រាយបញ្ហាជំងឺផ្លូវដង្ហើមនេះ។ សមាជិកក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណចំពោះប្រទេសហ្វីលីពីន ដែលបានខិតខំទទួលធ្វើម្ចាស់ផ្ទះ ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ-១៩នេះទើបមិនអាចទទួលធ្វើម្ចាស់ផ្ទះនេះបន្តទៀតបាន។

លោកអគ្គលេខាធិការមានប្រសាសន៍ទៀតថា «នៅក្នុងកិច្ចពិភាក្សានេះ សមាជិកទាំងអស់ក៏មានការព្រួយបារម្ភដូចគ្នា ហើយជាលទ្ធផលគឺយើងបានឯកភាពគ្នាផ្អាកទាំងស្រុងដោយលុបចោលនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន ដោយត្រូវបានបញ្ចប់ដោយទុកព្រឹត្តិការណ៍លើកទី១០នេះជាប្រវត្តិដោយសារជំងឺកូវីដ-១៩ ហើយក៏ជាប្រវត្តិសាស្ត្ររបស់អាស៊ានប៉ារ៉ាហ្គេមផងដែរ។ យើងមិនយកព្រឹត្តិការណ៍លើកទី១០នេះទៅបន្តទៀតទេ ដែលប្រទេសវៀតណាមគ្រោងទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាខែធ្នូ ឆ្នាំ២០២១ តែម្តង។ នៅចុងបញ្ចប់ សមាជិកក្រុមប្រឹក្សាភិបាល រួមទាំងកម្ពុជា ដែលជាសមាជិកផងនោះ បានសម្តែងការដឹងគុណចំពោះការខិតខំរបស់បណ្តាប្រទេសទាំងអស់ក្នុងសហគមន៍អាស៊ីអាគ្នេយ៍ ទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការ ដែលបានត្រៀមខ្លួន ជាពិសេសគឺម្ចាស់ផ្ទះហ្វីលីពីន ដែលបានត្រៀមនិងចំណាយថវិកា ក្នុងការរៀបចំទីលានប្រកួត គណៈកម្មការជំនាញនានា។ ជាមួយគ្នានោះ ប្រធានសហព័ន្ធកីឡាជនពិការអាស៊ានក៏បាន កោតសរសើរនូវការប្រឹងប្រែងជូនដល់គ្រប់ប្រទេសទាំងអស់»។

សូមបញ្ជាក់ថា បន្ទាប់ពីស៊ីហ្គេម លើកទី៣១ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ គឺដល់កម្ពុជាហើយ ដែលកំពុងត្រៀមក្នុងដំណើរឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕ sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ