ប៉ូលីសម្នាក់ ដេញចាប់មុខសញ្ញាគាស់ផ្ទះ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ បាក់ដៃ និងបែកថ្ងាសលើចិញ្ចើម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ
ភ្នំពេញ ៖ នាយរងប៉ុស្តិ៍នគរបាលសង្កាត់ទៀនម្នាក់ ដេញចាប់មុខសញ្ញាគាស់ផ្ទះ រហូតមកដល់ផ្លូវ៦០ម៉ែត្រ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តដឹកសម្ភារៈមេន (បូជាសព) បណ្ដាលឲ្យរងរបួសធ្ងន់ បែកដៃ និងបែកលើចិញ្ចើមធ្ងន់ ចំណែកឯមុខសញ្ញាបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ (ចម្ងាយពីស្តុបផ្លូវបំបកជាបួន១០០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។បើយោងតាមលោកពូនាយរងប៉ុស្តិ៍សង្កាត់ទៀន នៃអធិការដ្ឋានខណ្ឌដង្កោ មានឈ្មោះ អ៉ឹម ធាវី ពាក់ស័ក្ត៣ បានបោះដៃហៅកម្លាំងជំនួយនៅគល់ដៅដទៃទៀតតាមរយៈវិទ្យុទាក់ទង(ID) ដូច្នេះថា នៅមុនកើតហេតុ ខណៈពេលដែលគាត់កំពុងជិះម៉ូតូមកដូរវេនវិញ គាត់បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ (មិនចាំស្លាកលេខ) បើកបរឆ្លងកាត់មុខគាត់ក្នុងល្បឿនលឿន ដោយមានការសង្ស័យ និងជាមុខសញ្ញាគាស់ផ្ទះក្នុងមូលដ្ឋានរបស់គាត់ ទើបគាត់សម្រេចចិត្តប្រដេញតាមតែម្នាក់ឯង ដោយបានបោះដៃហៅកម្លាំងជំនួយនៅតាមគោលដៅពួនស្ទាក់ៗក្នុងខណ្ឌអោយចេញជួយអន្តរាគមន៍ផងដែរ ។
តែដោយឃើញសមត្ថកិច្ចដេញតាមតែម្នាក់ឯង ជនសង្ស័យបានទាញកំប៉ុងស្រាបៀរកប់ទៅលើសមត្ថកិច្ច ដែលជានាយរងប៉ុស្តិ៍ ក្នុងពេលប្រដេញតាមផ្លូវ តែមិនបណ្ដាលឲ្យរបួសទេ ព្រោះគាត់គេចផុត ទោះជាយ៉ាងណាក្នុងនាមជាមន្ត្រីនគរបាល ទើបលោកនាយរងប៉ុស្តិ៍ មិនប្រលែងជនសង្ស័យអោយរត់រួចខ្លួនបានងាយៗនោះទេ ដោយបានដេញតាមតាំងពីក្នុងសង្កាត់ទៀន រហូតឆ្លងកាត់សង្កាត់រលួស ក៏មានកម្លាំងកំពុងចេញជួយអន្តរាគមន៍ពីគោលដៅផ្សេងៗឆ្ពោះទៅគោលដៅដែលលោកនាយរងប៉ុស្តិ៍ ប្រាប់ថាតាមដល់ណាៗជាបន្តបន្ទាប់ផងដែរ ។
លុះហួសប៉ុស្តិ៍រលួសមកដល់រង្វង់មូលនាងកាន់គួរស្រូវ ជនសង្ស័យបាននាំគ្នាបន្ថែមល្បឿន បុកទៅតាមផ្លូវជាតិលេខ២ ដោយកម្លាំងប៉ុស្តិ៍ព្រែកកំពឹសបានចេញជួយអន្តរាគមន៍ ដោយត្រៀមលក្ខណៈរួចហើយនៅមុខប៉ុស្តិ៍ តែដោយសារតែជនសង្ស័យមិនខ្លាចគ្រោះថ្នាក់ បានតម្រង់ទៅបុកទាំងសមត្ថកិច្ចដែលរងចាំស្ទាក់ផ្លូវទៀត តែជនសង្ស័យគេចផុសបន្តិចក៏បន្ថែមល្បឿន រហូតបត់ឡើងមកផ្លូវ៦០ម៉ែត្រ ទើបកម្លាំងប៉ុស្តិ៍ដេញតាមប្រកៀកប្រកិតពីក្រោយ ធ្វើអោយលោកពូជានាយរងប៉ុស្តិ៍នគរបាលសង្កាត់ទៀន ជួបគ្រោះថ្នាក់ចរាចរណ៍ ចូលមកគន្លងម្ខាងទៀតជ្រុលទៅបុកចំហៀងមុខផ្នែកខាងស្ដាំ រថយន្តម៉ាក KIA ដឹកសម្ភារៈមេនបូជាសព កំពុងធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតៗ ពេញទំហឹង បណ្ដាលអោយគាត់ដួលបោកផ្ទប់នឹងរថយន្តតែម្ដង និងបណ្ដាលឲ្យរងរបួសបែកថ្ងាសលើចិញ្ចើម និងបាក់ដៃខាងឆ្វេងផងដែរ ឃើញដូច្នេះជនសង្ស័យបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្ដង ដោយមានកម្លាំងប្រដេញតាមដែរ តែតាមមិនទាន់ឡើយ។
បច្ចុប្បន្នក្រោយពេលកើតហេតុ នាយរងប៉ុស្តិ៍ដែលរងរបួស ត្រូវបានលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ហៅរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាលសួគារ៍មកជួយដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យរុស្សី ។
ចំណែកឯម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌ ចុះមកវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។