ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា ផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជាផែនទីសម្រាប់បង្ហាញផ្លូវនាឆ្នាំបន្តបន្ទាប់ នឹងដោះស្រាយប្រឈមនានាផងដែរ។

ក្នុងកិច្ចប្រជុំឆ្លងផែនការ សកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ថ្វីត្បិតតែយើងមិនអាចអនុវត្តតាមផែនការសកម្មភាពបានទាំងស្រុង ប៉ុន្តែផែនការសកម្មភាពនេះចាត់ទុក ជាផែនទីសម្រាប់បង្ហាញផ្លូវនាឆ្នាំបន្តបន្ទាប់ ហើយសម្រាប់បញ្ហាប្រឈមនានា យើងសង្ឃឹមថាអាចដោះស្រាយបាននៅឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ខាងមុខ»។

សម្ដេចក្រឡាហោម ក៏បានបន្ថែមថាអង្គភាពពាក់ព័ន្ធនានាកំពុងយកចិត្តទុកដាក់ ដើម្បីពង្រឹងរដ្ឋបាលសាធារណៈឲ្យមានសមត្ថភាពបំពេញការងារមានប្រសិទ្ធភាព។ លើសពីនេះទៀត សម្ដេចក្រឡាហោម ស្នើឲ្យស្នើអង្គភាព និងអគ្គនាយកដ្ឋានពាក់ព័ន្ធឲ្យខិតខំប្រឹងប្រែងពង្រឹងគុណភាពអង្គភាព តាមរយៈគុណភាពមន្ត្រី ដោយប្រឹងប្រែងពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។


ជាងនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរចំពោះអគ្គនាយកដ្ឋានទាំងពីរ ដែលបានខិតខំប្រឹងប្រែងរៀបចំផែនការសកម្មភាពនេះឡើង ហើយអគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀត ត្រូវខិតខំប្រឹងប្រែងរៀបចំ និងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់ខ្លួនឲ្យមានប្រសិទ្ធភាពផងដែរ។


នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានលើកឡើងថា គោលបំណង និងគោលដៅនៃផែនការសកម្មភាព អគ្គលេខាធិការដ្ឋាន ផ្ដោតសំខាន់ទៅលើការរៀបចំកែសម្រួលរបៀបរបបការងារ ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីធានាប្រសិទ្ធភាព និងចីរភាពនៃប្រព័ន្ធប្រតិបត្តិការ ពិសេសពាក់ព័ន្ធ នឹងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ការលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ និងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ច សហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ។


ដោយឡែក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងថា ផែនការសកម្មភាពឆ្នាំ២០២០ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានរៀបចំឡើងផ្អែកលើមូលដ្ឋានសំខាន់ៗ រួមមាន៖ យុទ្ធសាស្ដ្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល, ក្របខណ្ឌគោលនយោបាយ កំណែទម្រង់ពន្ធនាគារក្រសួងមហាផ្ទៃ, ផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គនាយកដ្ឋានពន្ធនាគារ, រចនាសម្ព័ន្ធតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដូចមានចែងក្នុងអនុក្រឹត្យ ស្ដីពីការរៀបចំ និងប្រព្រឹត្តិទៅ នៃក្រសួងមហាផ្ទៃ, ទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញក្នុងពិធីសន្និបាត កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ