ស្អែកនេះ ! កម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាង រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពី ជំងឺឆ្លង កូវីដ-១៩ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០ ស្អែកនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៩ មិថុនា បានឲ្យដឹងថាកិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្រ្ដាលី។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្រ្ដាលីនឹងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍អំពីវិធានការប្រកបដោយប្រសិទ្ធភាពក្នុង ការឆ្លើយតបជំងឺ រាតត្បាតជា សកល។ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានា ដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា ជាពិសេសកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។
កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀតក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ប្រទេសអូស្រ្តាលី ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ច សហប្រតិបត្តិការ ទៅវិញទៅមក ចំពេលវេលាដ៏លំបាក និងមមាញឹកដោយសារតែបញ្ហា ប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕EB