សម្ដេចតេជោ៖កម្ពុជាមិនមានអ្នកឆ្លងជំងឺ កូវីដ-១៩ថ្មី ខណៈ ប្រទេសជិតខាង និងពិភពលោកកំពុងបន្ដរាតត្បាត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ឡេីយ ហេីយប្រជាពលរដ្ឋ ខ្មែរត្រូវប្រុងប្រយ័ត្នជានិច្ចខណៈ ប្រទេសជិតខាង និងពិភពលោកកំពុងបន្ដរាតត្បាតនៅជំងឺកូវីដ-១៩ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលេីបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ថា "សូមអបអរសាទរក្មួយស្រី ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី ១៦ ឧសភា នេះដែលសរុបទាំងអស់មានចំនួន១២២នាក់។នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីថែមទៀតដែរ"។
សម្ដេចតេជោបន្ដថាពិតមែនតែកម្ពុជាពុំមានករណីថ្មីក៏ដោយ ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។
សម្ដេចតេជោបន្ថែមថា "នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ"។
ជាងនេះទៅទៀតនាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអរគុណដែលជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕E B