ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាគួរយកគំរូរតាមចិន និងរៀនសូត្រពីចិន ឲ្យបានច្រើនគឺជាការល្អ ព្រោះចិនជាប្រទេស ដែលមានសក្ដានុពល ផ្នែកសេដ្ឋកិច្ចខ្លាំង ខណ:ចិនជាប្រទេសមួយ ដែលបានជួយអភិវឌ្ឍកម្ពុជាយ៉ាងច្រើន នៅក្នុងរយ:កាលចុងក្រោយនេះ។
ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការប្រឈមមុខដាក់គ្នា ខាងភូមិសាស្រ្តនយោបាយ រវាងចិនសហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០លោកសុខ ទូច បានថ្លែងប្រាប់ប្រជាពលរដ្ឋថា កុំឲ្យមានការព្រួយបារម្ភ ចំពោះវត្តមានចិននៅកម្ពុជា ព្រោះចិនគឺជាប្រទេសមួយ ដែលបានអភិវឌ្ឍកម្ពុជា បានយ៉ាងលឿន នៅក្នុងរយ:កាលចុងក្រោយនេះ ខណ:បណ្ដាប្រទេសមួយចំនួន ធ្វើមិនទាន់បានដូចចិននោះទេ។
លោកបន្តថា “ត្រូវយកសេដ្ឋកិច្ច ដើរតួរនាទីសំខាន់ស្អី ដែលមានឥទ្ធិពល មកលើកម្ពុជាសព្វថ្ងៃ គឹសេដ្ឋកិច្ច សេដ្ឋកិច្ចដើរគឺទៅហើយ ទីក្រុងកំពង់សោមខ្ញុំមិនដឹងទេ តើពេលចិនវិលត្រឡប់មកវិញ ត្រូវដូរយ៉ាងម៉េច? ហើយកម្ពុជាត្រូវរៀនអីពីគេ យើងគិតមើល បើចិនចូលចិត្តស្ពៃក្តោប ត្រូវដាំស្ពៃក្ដោប ហើយបើស្ពៃក្តោបខ្មែរ មានហើយចិនដឹកចូល ប្រាប់ចិនថា កុំដឹកចូល។ កម្ពុជាត្រូវត្រៀមខ្លួនបែបហ្នឹង កុំខឹងគេ កុំថាឲ្យគេ ត្រូវរៀនសូត្រពីគេ”។
លោកឲ្យដឹងទៀតថា ប្រទេសមួយដើម្បីមានឥទ្ធិពល មកលើប្រទេសមួយទៀត គឺមិនមែនត្រឹមតែ និយាយនោះទេ តែត្រូវបង្ហាញ អំពីអំណាចរបស់ខ្លួនផងដែរ។ ជាមួយគ្នានោះ លោកបញ្ជាក់ថា សេដ្ឋកិច្ចដែលខ្លាំងគឺជាសេដ្ឋកិច្ច ដែលពឹងផ្អែកទៅលើចំណេះដឹង មិនមែនសេដ្ឋកិច្ច ពឹងផ្អែកធនធានធម្មជាតិនោះទេ។
លោកសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពឹងផ្អែកលើធនធានធម្មជាតិ អាចនឹងរលាយនៅពេលណាមួយ ប៉ុន្តែសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង មិនអាចរលាយបានឡើយ។ លោកថា មានប្រទេសចំនួន៤ ដែលជាប្រទេស ដែលពឹងផ្អែកលើចំណេះដឹង ដែលជំរុញឲ្យមានធនធានមនុស្ស ដែលជាមេរៀន សម្រាប់ឲ្យកម្ពុជា ដើរតាមរួមមាន៖ទី១-ប្រទេសជប៉ុន ទី២-ខេត្តមួយរបស់ចិន គឺតៃវ៉ាន់ ទី៣-សិង្ហបុរីនិងទី៤-គឺប្រទេសកូរ៉េខាងត្បូង។
លើសពីនេះទៀត ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា កាលសម័យមុន បើកម្ពុជាដើរត្រូវនយោបាយ កម្ពុជា ជាប្រទេសដែលមានការរីកចម្រើន មុនគេបង្អស់នៅក្នុងតំបន់។
លោកបន្ថែមថា “បើកម្ពុជាដើរត្រូវនយោបាយ មិនមែនថៃទេរីកចម្រើន កម្ពុជា ជាប្រទេស ដែលរីកចម្រើនមុនគេបង្អស់ ក្នុងប្រវត្តិសាស្រ្ត សូម្បីតែលី ខ្វាន់យូ មកឆ្នាំ១៩៦៥ ,៦៧មកកម្ពុជា គេថាសូមតម្រាប់តាមកម្ពុជា ពីព្រោះស្តាតអូឡាំពិកនៅកម្ពុជា មានមុនប្រទេសថៃ មានមុនអាស៊ាន ខ្មែរមានទាំងអស់ មានស្រាទេមាន មានស្បែកជើងទេ ស្បែកជើងតីងតុង មានបារីទេ បារីសេក កន្ទុយស្នោរមានទាំងអស់ ឥឡូវម៉េចក៏ខ្មែរ ក្លាយជាប្រទេសអ្នកហូប មិនមែនក្លាយជាអ្នកផលិត អាហ្នឹងដែលយើងត្រូវពិចារណា”៕E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ