យ៉ាងហោចណាស់ក្មេងប្រុស២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងមនុស្សប្រុសស្រី២២នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងហេតុការណ៍សារគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងដឹកអ្នកដំណើរ បើកធ្លាក់ផ្លូវចូលទឹកអូរ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ត្រង់ចំនុចស្ពានស្ថិតក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានឱ្យដឹងថា រថយន្តក្រុងដែលបើកធ្លាក់ផ្លូវចូលទឹកអូរនេះ ជារបស់ក្រុមហ៊ុន អ៊ូខុង ដឹកអ្នកដំណើរពេលយប់។ 

មុនពេលកើតហេតុរថយន្តខាងលើនេះ បានដឹកអ្នកដំណើរមកពីភ្នំពេញឆ្ពោះមកកាន់ស្រុកអន្លង់វែង សរុប២៤នាក់ទាំងតែកុងឡាន។ លុះមកដល់កន្លែងកើតហេតុ ត្រង់ចំណុចស្ពាន រថយន្តបានរេចង្កូតមកឆ្វេងដៃ បណ្តាលឱ្យធ្លាក់ផ្លូវចូលទឹកអូរតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានចុះទៅកាន់កន្លែងកើតហេតុ និងបានជួយសង្គ្រោះអ្នកដំណើរ ដែលរងរបួសធ្ងន់ ស្រាល ដឹកជញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ 

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យក្មេងប្រុស២នាក់ស្លាប់ និង២២នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយឡែកតៃកុងឡានគៀបជាប់ និងរថយន្តបាក់ភ្លៅខាងស្តាំ និងបែកក្បាលផងដែរ។

ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ សមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូងថា អាចបណ្តាលមកពីតៃកុងរថយន្តងងុយដេក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ