ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរ ក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានឲ្យដឹងថា រាជរដ្ឋាភិបាល លើកលែងការតម្រូវឲ្យ មានការធានារ៉ាប់រងសុខភាព (Health lnsurance) និងការតម្កល់ប្រាក់ ចំនួន៣.០០០ដុល្លារ សម្រាប់សេវាផ្សេងៗ ក្នុងការធ្វើតេស្ដ ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺ កូវីដ-១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទីដ្ឋានការពិសេស (Visa K) ចូលមកកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០ ២០ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ដោយមានការយល់ព្រមពី ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្ដេចតេជោ ហ៊ុន សែន គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ-១៩ អំពី ការកែសម្រួលលើវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការ រីករាល ដាលនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរទាំងអស់ ចូលមកកម្ពុជា រួមទាំង អ្នកការទូត ត្រូវបានកែសម្រួល ដូចខាងក្រោម ៖ 

ទី១-លើកលែងការតម្រូវឲ្យមានការធានារ៉ាប់រងសុខភាព (Health Insurance) និងការតម្កល់ ប្រាក់ចំនួន ៣.០០០ដុល្លារ សម្រាប់សេវាផ្សេងៗ ក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និង ពិនិត្យព្យាបាលជំងឺ កូវីដ-១៩ ចំពោះ អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa K) ចូលមកកម្ពុជា ប៉ុន្តែ តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ សុខភាព (Health Certificate for Covid-19 Free) ចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ដោយប្រទេសសាមី ដែលបញ្ជាក់ថា គ្មានវីរុស កូវីដ-១៩ និងមានសុពលភាព ៧២ម៉ោង ចាប់ពីពេលចេញដំណើរពីប្រទេសតាំងនៅ។

ទី២-ស្ថានបេសកកម្មបរទេស និងអង្គការអន្តរជាតិនៅភ្នំពេញទាំងអស់ ដែលមានអ្នកការទូត និងមន្ត្រីអង្គការអន្ដរជាតិចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺ កូវីដ-១៩ របស់ អ្នកការទូត និងអង្គការអន្ដរជាតិទាំងនោះ និងពីការធានាធ្វើបានត្រឹមត្រូវ នូវការដាក់ចត្តា ឡីស័ក ក្នុងរយៈពេល១៤ថ្ងៃដោយខ្លួន ឯង។

ទី៣-រាលវិធានការផ្សេងទៀត ដែលមានចែងក្នុងសេចក្តីប្រកាសលេខ ១០១ ខល ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ស្ថិតនៅជាធរមានដដែល។

សូមជម្រាបថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ តាមរយៈក្រសួង សុខាភិបាលសូមបន្តអំពាវ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវិរុសកូវីដ-១៩ ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទីពីរនៃ ការចម្លងវីរុស កូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ