រាជបណ្ឌិត្យសភាកម្ពុជា អំពាវនាវកុំឲ្យមានការលុបបឹងតទៅទៀត
ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានការលុបបឹងជាច្រើនកន្លែងពីសំណាក់ជនខិលខូចមួយចំនួន ក៏ដូចជាពីសំណាក់ អ្នកមានអំណាចជាដើមនោះ លោកបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងការសូមអង្វរក៏ដូចជាអំពាវនាវ កុំឲ្យមានការលុបបឹងតទៅទៀត។
បច្ចុប្បន្នសកម្មលុបបឹង ស្ទើរតែមានគ្រប់ទីកន្លែងនៅកម្ពុជា ជាពិសេសនៅជាយរាជធានីភ្នំពេញតែម្តង។
ក្នុងវេទិកាតុមូល ពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជាដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោកសុខ ទូចបានថ្លែងថា កាលពីឆ្នាំ១៩៨២ និងឆ្នាំ១៩៨៣ ខាងជលផលកម្ពុជា បានបាញ់ឈ្មួញវៀតណាម ដែលដឹកត្រីទៅប្រទេសរបស់គេ តែ បច្ចុប្បន្នមិនចាំបាច់បាញ់ឡើយ ឲ្យតែមានលុយយកឲ្យគេ គេដឹកឲ្យដល់កន្លែង។
លោកបន្តថា «ត្រីពោ ត្រីរស ត្រីអីជាដើម យកពីខ្មែរទៅទេ ។ យើងត្រូវមើលកន្លែងហ្នឹង! តែឥឡូវគេបាន យើងត្រូវមើលកន្លែងហ្នឹង ឈប់លុបបឹងទៅ ប្រទេសកូរ៉េមានផ្ទៃដីតូចជាងខ្មែរ មានប្រជាជន ដល់ទៅ ៥២លាននាក់ គេមិនទាន់មានលុបបឹងទេ។ខ្ញុំជិះកាត់បឹងកប់ស្រូវមកឃើញតែចាក់ដី ។ តើយើងអាចទុកបឹង សម្រាប់កែច្នៃវិស័យទេសចរណ៍ បានដែរឬទេ?»។
លោកឲ្យដឹងទៀតថា ការលើកឡើងរបស់លោកនាពេលនេះ គឺដឹងថាមានការប៉ះដល់បុគ្គលមួយចំនួន ប៉ុន្តែត្រូវតែទទួលការឈឺចាប់ ប្រសិនបើមិនទទួលយកយោបល់ទេ ហើយនៅតែបន្តលុបបឹងតទៅទៀតនោះ ពេលមានភ្លៀងធ្លាក់ខ្លាំង នឹងធ្វើឲ្យប៉ះពាល់ដូចជាលិចទីក្រុងភ្នំពេញ ដោយហេតុអត់មានកន្លែងហូរទឹកចេញ៕EB