ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រជាពលរដ្ឋមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ក្នុងរដូវនេសាទ នាពេលនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយ ផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផល បញ្ជាក់ថា «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្ដីជូនដំណឹងនេះ»។

ទន្ទឹមនេះ រដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាបង្ក លក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ