សម្តេចតេជោ ហ៊ុនសែន ក្រើនរំលឹកឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹក ក៏ដូចជាដាស់តឿន ដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេសនៅទូទាំងពិភពលោក។
តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ បា នលើកឡើងថា” កូវីដ១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ កូវីដ១៩ បានបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ទោះអត្រាឆ្លងរោគកូវីដ១៩ នៅកម្ពុជាយើងមានកម្រិតទាប ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយច្រើនមែន ក៏ប៉ុន្តែយើងមិនត្រូវបណ្តោយខ្លួនធ្វេសប្រហែសមើលស្រាលលើជំងឺឆ្លងរាតត្បាតមួយនេះដាច់ខាត។ សូមដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស នឹងលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងចឹល” ។
សម្តេចតេជោបន្តថា អាជ្ញាធរនិងសមត្ថកិច្ចទទួលខុសត្រូវបន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងចឹលលាងដៃសម្រាប់អតិថិជន ជាពិសេសគឺនៅតាមក្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យគឺត្រូវតែមានចឹល ឬទឹកអាល់កុល និងម៉ាសសម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីម្នាក់ទៅម្នាក់បានដោយសារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន។
ជាងនេះបងប្អូនជនរួមជាតិបន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ នឹងរាយការណ៍ជាបន្ទាន់មកលេខ ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ១៩។ ហើយសូមតាមដាននិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
សម្តេចក៏បានធ្វើការអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ