រមណីយដ្ឋាន ទឹកធ្លាក់ភ្នំ១៥០០ កំពុងទទួល ការចាប់ អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរ ជាតិ-អន្ដរជាតិ
ភ្នំពេញ ៖ រមណីយដ្ឋាន“ទឹកធ្លាក់ថ្មដាតូច” ឬហៅថា “ទឹកធ្លាក់ភ្នំ១៥០០” កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារទេសភាពនៅទីនោះមានជ្រលង ដងអូរ ជ្រោះជ្រៅ ព្រៃព្រឹក្សា ផ្ទាំងថ្ម នៅក្រោមម្លប់ឈើត្រជាក់ល្ហឹម ដែលបង្កប់ទៅដោយសម្លេងសត្វយំ និងសម្លេងទឹកហូរធ្លាក់ពីលើភ្នំ១៥០០យ៉ាងរណ្តំ បានធ្វើឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ពីសម្រស់ធម្មជាតិនេះ មកលេងម្តងហើយចង់មកម្តងទៀត ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រមណីយដ្ឋានថ្មដាតូចនេះ ជាកន្លែងកម្សាន្តបែបព្រៃភ្នំធម្មជាតិ ស្អាតប្លែកភ្នែកពីរមណីយដ្ឋានដទៃទៀត ដែលមានទឹកជ្រោះហូរធ្លាក់ចំនួន២ថ្នាក់ គឺថ្នាក់ខាងលើ ភ្ញៀវទេសចរអាចដើរមកកំសាន្តដល់មុន ហើយមានទឹកធ្លាក់ជម្រាលជាថ្នាក់ៗដូចកាំជណ្តើរ ងាយស្រួលសម្រាប់ការងូតទឹកលេងកម្សាន្ត និងថ្នាក់ខាងក្រោម ជាល្បាក់ទឹកធ្លាក់ ដែលមានកម្ពស់ជិត១០ម៉ែត្រ ជាកន្លែងអង្គុយលំហែរកាយ និងងូតទឹកលេងយ៉ាងត្រជាក់ល្ហឹម ។
លោកប្រធានមន្ទីរបានបន្តថា រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនេះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតនៅចន្លោះជ្រលងភ្នំ១៥០០។
សូមបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ មានតំបន់រមណីយដ្ឋានធម្មជាតិចំនួន៣៤កន្លែង ប៉ុន្តែបានដាក់ឲ្យដំណើរការជាផ្លូវការតែ១០កន្លែងប៉ុណ្ណោះ ដែលចំនួននៅសេសសល់នេះ គឺមន្ទីរទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធ កំពុងសិក្សានិងរៀបចំឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងដាក់ឲ្យដំណើរការ ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ