ព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាមរយៈក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ បានហៅអ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» មកអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម។ ការហៅអ្នកនិពន្ធរូបនេះ ត្រូវបានធ្វើឡើងក្រោយពីលេចចេញការរិះគន់យ៉ាងចាស់ដៃពីមហាជនអំពីបទចម្រៀងដែលបង្កប់ដោយអត្ថន័យអសីលធម៌។
អ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា មានរហ័សនាមទេវបុត្រខ្មៅ បានទទួលការណែនាំពីមន្រ្តីក្រសួងវប្បធម៌ហើយដែលការណែនាំនេះត្រូវបាន ធ្វើឡើងនៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរក្រសួងវប្បធម៌ លោក ចំរើន វណ្ណថា បានលើកឡើងថា ក្រោយជួបអ្នកនិពន្ធ ខាងផ្នែកអ្នកនិពន្ធបានទទួលស្គាល់កំហុស និងយល់ព្រមកែប្រែ ការតែងនិពន្ធបែបអវិជ្ជមានទៅជាវិជ្ជមាន នាពេលខាងមុខ។ លោកបានលើកឡើងថា អ្នកនិពន្ធបាននិពន្ធបទនេះ មិនបានគិតស៊ីជម្រៅអំពីផលប៉ះពាល់នោះទេ ដោយគ្រាន់តែចង់ផលិតបទចម្រៀងទាញប្រយោជន៍ពី YouTube នៅអំឡុងសម័យកាលកូវីដ-១៩។ ប៉ុន្ដែក្រោយពីទទួលបានការណែនាំ ខាងអ្នកនិពន្ធបានទទួលស្គាល់អំពីផលប៉ះពាល់ដល់សង្គម និងសីលធម៌ នៅពេលខាងមុខហើយអ្នកនិពន្ធក៏បានលុបវីដេអូនោះតាំងពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅលើ YouTube រួចហើយដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ