(ភ្នំពេញ)៖ ជំងឺកូវីដ១៩ទាំងអស់ចំនួន៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) ដែលបានជាសះស្បើយ បន្ទាប់ធ្វើតេស្តអវិជ្ជមានចំនួន២ដងរួចមកនោះ ត្រូវបានអនុញ្ញាតឲ្យចាកចេញមន្ទីរពេទ្យអស់ហើយ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។
ការជាសះស្បើយរបស់អ្នកជំងឺកូវីដ១៩ទាំង៥នាក់នេះ ធ្វើឲ្យនៅមន្ទីរពេទ្យរុស្ស៉ី លែងមានអ្នកជំងឺកូវីដ១៩ទៀតឡើយ។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានជ្រាបថា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ មន្ទីរពេទ្យបានអនុញ្ញាតឲ្យអ្នកជំងឺ Covid-19 ទាំងអស់ចំនួន៥នាក់ ក្រោយព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យ មានជនជាតិខ្មែរ១នាក់ ជនជាតិម៉ាឡេស៊ី១នាក់ ជនជាតិវៀតណាម១នាក់ ជនជាតិចិន២នាក់ ដោយបានធ្វើតេស្តអវិជ្ជមានចំនួន២ដង អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ដូចនេះមិនមានអ្នកជំងឺ Covid-19 សម្រាកនៅមន្ទីរពេទ្យទៀតទេ»។
ជាមួយគ្នានេះ លោកសាស្រ្តាចា្យ ងី ម៉េង ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ ពីកំលាំងកាយចិត្តក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។
ទោះជាជំងឺកូវីដ១៩ មិនមានការរកឃើញករណីថ្មី នៅរយៈពេលជាង១០ថ្ងៃនេះក្តី លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសពីជោគជ័យនៃការព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៧នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១៧នាក់។ ចំណែកអ្នកកំពុង សម្រាកព្យាបាលជំងឺកូវីដ ធ្លាក់ចុះមកត្រឹមចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។
អ្នកជំងឺកូវីដ១៩ ជាសះស្បើយ៧នាក់ ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ គឺមាន៥នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) ខណៈ២នាក់ទៀត មានម្នាក់នៅមន្ទីរពេទ្យចាក់អង្រែក្រោម និងម្នាក់ទៀតនៅមន្ទីរពេទ្យខេត្តសៀមរាប៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ