ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ ការផ្ទេរកម្មសិទ្ធិយានយន្តមាន ចំនួន៨.៨១០គ្រឿង ដែលនេះជាតួលេខមួយខ្ពស់ ខណៈកាលពីឆ្នាំ២០១៩ មានត្រឹមតែ ចំនួន៦.៦៧៨គ្រឿងតែប៉ុណ្ណោះ។

លោក ផាន់ ច័ន្ទដាឫទ្ធិ មន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបញ្ជាក់ថា ក្នុងចំណោមយានយន្តបានធ្វើការផ្ទេរកម្មសិទ្ធិរួចរាល់នេះ គឺមានរថយន្តធុនតូច ដែលផ្ទេរកម្មសិទ្ធិក្នុងរាជធានី-ខេត្ត ចំនួន៦.៣៦៧គ្រឿង និងរថយន្តធុនតូចផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្តមានចំនួន១.៩៣៧គ្រឿង។ 

ជាមួយគ្នានេះ រថយន្តធុនធំដែលផ្ទេរកម្មសិទ្ធិក្នុងរាជធានី-ខេត្តចំនួន២៦៦គ្រឿង ហើយរថយន្តធុនធំដូចគ្នា ដែលផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្តមានចំនួន១៨២គ្រឿង។ ដោយឡែក រ៉ឺម៉ក ឬសឺមីរ៉ឺម៉កយានយន្ត ដែលផ្ទេរកម្មសិទ្ធិក្នុងរាជធានី-ខេត្ត មានចំនួន៥៥គ្រឿង និងផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្តមានចំនួន៣គ្រឿង។

លោកបានធ្វើការក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ ត្រូវរួសរាន់ផ្ទេរកម្មសិទ្ធិឲ្យ បានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៅផ្លូវជាសុផារ៉ា រាជធានី ភ្នំពេញ ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទៅតាមអាសយដ្ឋានរបស់ ម្ចាស់ចុង ក្រោយ ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងយានយន្តស្របច្បាប់និងរួចផុតការផាក ពិន័យដែលកំណត់ដោយច្បាប់ជាធរមាន។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថាសម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្ត ធុនតូចឬធុនស្រាលក្នុងរាជធានី-ខេត្ត គឺមានតម្លៃ៤៨.០០០រៀល និងឆ្លងរាជធានី-ខេត្ត តម្លៃ១០១.០០០រៀល។ ដោយឡែក ចំពោះកម្រៃការផ្ទេរកម្មសិទ្ធិសម្រាប់រថយន្តធុនធំ ឬធុនធ្ងន់ក្នុងរាជធានី-ខេត្ត មានតម្លៃ៦៧.០០០រៀល និងឆ្លងរាជធានី-ខេត្ត តម្លៃ ១២៥.០០០រៀល។ តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា៤ភាគរយ របស់អគ្គនាយកដ្ឋានពន្ធដារនោះឡើយ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ