ចប់ហើយ អ្នកទិញផ្ទះ ក្នុងបុរី ប៊ុន ជេស នៅម្តុំបឹងទំនប់កប់ស្រូវ អាជ្ញាធរត្រូវវាយចោលវិញ ព្រោះគ្មានបុរីអត់ច្បាប់
ភ្នំពេញ ៖ សំណង់ក្នុងបុរី ប៊ុន ជេស និងសំណង់ផ្ទះវីឡា ជាច្រើនខ្នងសង់អត់ច្បាប់ លយចូលដីអនុក្រឹត្យបឹងតាមោគ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចុះមកត្រួតពិនិត្យ និងផ្អាកសាងសង់បណ្តោះអាសន្ន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងភូមិឌួង និងភូមិផ្សារលិច ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ស៊ូ ស៊ីវត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅបានប្រាប់ថា សំណង់ទាំងនេះមិនមានច្បាប់អនុញ្ញាត្តិឡើយ ដោយលួចសង់ខុសច្បាប់ សំណង់ខ្លះមានច្បាប់សាងសង់ត្រឹមតែផ្ទះល្វែងទេ តែពេលសាងសង់ជាផ្ទះវិឡាទៅវិញ ហើយសំណង់ខ្លះទៀតបានសាងសង់ចូលដីអានុក្រិតបឹងតាមោគ។លោកបន្តថា តាមពិតទីតាំងក្នុងបុរីប៊ុនជេស មានប្លង់កម្មសិទ្ធត្រឹមត្រូវ តែបែរជាលួចសាងសង់ លើសច្បាប់អនុញ្ញាតិទៅវិញ ហើយដូចជាសំណង់នៅឡុងឈិនជាប់មហាវិធីឈ្នះៗ ក្រោយពីអាជ្ញាធរចុះ ហាមឃាត់បានតែមួយថ្ងៃ ស្អែកឡើង ឃើញសាងសង់វិញ អត់មានគរពច្បាប់អីបន្តិចសោះ។
ចំណែកលោក សុខ សម្បត្តិ បានមានប្រសាសន៍ថា ការផ្អាកការដ្ឋានសំណង់ក្នុងសង្កាត់ព្រែកព្នៅនាពេលនេះ គឺអនុវត្តទៅតាមច្បាប់ និងធ្វើឡើងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ។
លោកបន្តថា ក្នុងការត្រួតពិនិត្យនេះរកឃើញថា សំណង់ដែលសង់ឡើងមិនស្របច្បាប់មានប្រមាណជិត ១០០ផ្ទះ ដែលផ្ទះទាំងនោះភាគច្រើននៅក្នុងបុរី ប៊ុន ជេស ស្ថិតក្នុងភូមិឌួង និងបុរី ប៊ុន ជេស ស្ថិតក្នុងភូមិព្រែកព្នៅ ក្នុងការផ្អាកនេះដែរបើក្រុមហ៊ុននៅតែបន្តធ្វើទៀត អាជ្ញាធរ និងចាត់វិធានការរឹមអូសសម្ភារ ហើយបើមានការបាត់បង់ខុចខាត់អាជ្ញាធរមិនទទួលខុសត្រូវឡើយ។
លោកបញ្ជាក់ថា ការដ្ឋានសំណង់ដែលត្រូវបានផ្អាក នឹងត្រូវអនុញ្ញាតឱ្យដំណើរការសាងសង់ឡើងវិញ លុះត្រាណាតែអនុវត្តការណែនាំមួយចំនួនដូចជា ម្ចាស់សំណង់ត្រូវបំពេញនូវចំណុចខ្វះខាត ផ្នែកបច្ចេកទេស និងច្បាប់ ម្ចាស់សំណង់ត្រូវរកអ្នកត្រួតពិនិត្យ និងបញ្ជាក់ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់ ដែលមានអាជ្ញាបណ្ណ មកពិនិត្យ វិភាគ គណនា ពិសេសដើម្បីធានាសុវត្ថិភាពសំណង់៕