ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាថ្នាក់ជាតិ ចុះជួយស្រុកកំពង់ត្របែក បានធានាចំពោះមុខប្រជាពលរដ្ឋថា ក្រុមការងារថ្នាក់ជាតិមិនឲ្យប្រជាពលរដ្ឋណាម្នាក់រស់នៅស្រុកកំពង់ត្របែក ឃុំផ្កូវគ្មានស្បៀងអាហារឡើយ ដោយហេតុថា ក្រុមការងារថ្នាក់ជាតិ តែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការខ្វះខាត នៅឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ បានរំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែខ្វះអាហារឡើយ ពីព្រោះប្រជាពលរដ្ឋមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិទាំងមូល។
ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា «ស្រុកកំពង់ត្របែកនេះ ជាពិសេស ឃុំថ្កូវ ខ្ញុំសូមធានាជាមួយក្រុមការងារទាំងអស់ថា មិនឲ្យបងប្អូនយើងដាច់ស្បៀងជាដាច់ខាត ចឹងហើយបានយើងខ្ញុំទាំងអស់គ្នានេះ ចូលរួមចែកអំណោយនាពេលនេះឲ្យទាន់ពេលវេលា ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋរបស់យើង»។
ឯកឧត្តមសន្ដិបណ្ឌិតបន្ដទៀតថា ក្រុមការងាថ្នាក់ជាតិ ចែកអំណោយជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្កូវនាពេលនេះ គឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត។ដើម្បីតបស្នងជាមួយក្រុមការងារថ្នាក់ជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត បានសង្ឃឹមថា ប្រជាពលរដ្ឋនឹងនៅតែបន្តជឿទុកចិត្តក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេសកម្ពុជា ខណៈកម្ពុជាសព្វថ្ងៃនេះមានការរីកចំរើនឥតឈប់ឈរ។
ឯកឧត្តមសន្ដិបណ្ឌិតបានបន្ថែមថា ក្រុមការងារថ្នាក់ជាតិ កំពុងចែក អំណោយនាពេលនេះ បានខិតខំប្រឹងប្រែងណាស់ ដើម្បីចូលរួមដោះស្រាយបញ្ហានានាជាមួយ ប្រជាពលរដ្ឋ ហើយក្រុមការងារក៏សន្យាថា នឹងបន្ដដោះស្រាយបញ្ហានានាបន្ថែម ទៀតជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់រស់នៅយ៉ាងសុខស្រួល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ