(អ៊ីស្លាម៉ាបាដ) ៖ ឧទ្ធម្ភាគចក្រកងទ័ពមួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលបេសកកម្មមួយ នៅក្នុងខេត្តបាឡូជីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសដោយបានសម្លាប់មនុស្សទាំងអស់ នៅលើយន្តហោះទាំង៦នាក់ រួមទាំងមន្រ្តីពីរនាក់ផងដែរ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
យោធាប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទម្លាក់គ្រាប់បែកនេះ បានធ្លាក់កាលពីពេលយប់ អំឡុងពេលហោះហើរប្រតិបត្តិការមួយនៅជិតទីក្រុង ឃូស (Khost) ដែលមានចម្ងាយប្រហែល ១២១ គីឡូម៉ែត្រពីរដ្ឋធានីខេតា (Quetta)។
កងទ័ពប៉ាគីស្ថាន មិនបានបញ្ជាក់លម្អិត អំពីដើមហេតុ ដែលបណ្តាលឲ្យមានឧបទ្ទវហេតុនេះ កើតឡើងនោះទេ។ដោយឡែក អាជ្ញាធរបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលេីឧបទ្ទេវហេតុនេះ ដែលនេះជាលើកទីពីរក្នុងរយៈពេលមិនដល់២ខែផង ។
គួរបញ្ជាក់ថា បាឡូជីស្ថាន ជាខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថាន និងជាមជ្ឈមណ្ឌលនៃចលនាផ្តាច់ខ្លួនដែលមានអាយុកាលរាប់ទសវត្សរ៍ផងដែរ។ ក្រុមប្រដាប់អាវុធជាច្រើន មានមូលដ្ឋាននៅក្នុងខេត្តនេះ បានអះអាងពីការវាយប្រហារលើកងកម្លាំងសន្តិសុខប៉ាគីស្ថាន នាពេលកន្លងមក។ រហូត មកដល់ពេលនេះមិនទាន់មានក្រុមឧទ្ទាមណាមួយ ចេញមុខអះអាងទទួលខុសត្រូវចំពោះការធ្លាក់ឧទ្ធម្ភាគចក្រនេះនៅឡើយទេ៕