សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបាន លទ្ធផលកាន់តែត្រចះត្រចង់ថែមទៀត ទោះស្ថិតក្នុងស្ថានភាពចូលរួមកម្លាំងយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានខិតខំយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលការងារ ដូចជា៖ រៀបចំសេចក្តីសម្រេច ពីការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លើសពីនេះ រៀបចំសេចក្តីអំពាវនាវស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ រៀបចំសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងដោះស្រាយការងារពាក់ព័ន្ធ នឹងការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។
ជាងនេះទៅទៀត រៀបចំលិខិតថ្លែងអំណរគុណជូនវាគ្មិន និងសិក្ខាកាមដែលបានចូលរួមការរៀបចំសិក្ខាសាលា ស្តីពី ការប្រមូលធាតុចូលសម្រាប់ផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ព្រមទាំងរៀបចំលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រូដិនសល ដែលបានឧបត្ថម្ភគាំទ្រក្នុងការរៀបចំសិក្ខា សាលាស្តីពីការប្រមូលធាតុចូលសម្រាប់ផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ជាពិសេសចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់កម្មវិធីតេឡេក្រាម «សុវត្ថិភាពចរាចរណ៍យើង»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ