លោក ស៊ី ជីនពីង លេចមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋ បន្ទាប់ពីបាត់ខ្លួនជាសាធារណៈ ដែលបង្កឲ្យមានពាក្យចចាមអារ៉ាម
(ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលេចមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារទី២៧ ខែកញ្ញា បន្ទាប់ពីបាត់ខ្លួនជាសាធារណៈ ដែលបង្កឲ្យមានពាក្យចចាមអារ៉ាម។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ី ជីនពីង បានបង្ហាញខ្លួន អំឡុងពេលទៅទស្សនានៅសាលតាំងពិព័រណ៍ក្រុងប៉េកាំង ក្រោមប្រធានបទ “ឆ្ពោះទៅមុខ ក្នុងយុគសម័យថ្មី”។ជាមួយគ្នានោះ ក៏មានការអមដំណើរដោយនាយករដ្ឋមន្ត្រី Li Keqiang និងមេដឹកនាំកំពូលផ្សេងទៀត,។
ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់លោក ស៊ី ជីនពីង តាមកញ្ចក់ទូរទស្សន៍ចាប់តាំងពីលោកវិលត្រលប់មកពីកិច្ចប្រជុំកំពូលថ្នាក់តំបន់ ក្នុងប្រទេសអ៊ូសបេគីស្ថានកាលពីចុងសប្តាហ៍មុន។
គួរបញ្ជាក់ថា នេះមិនមែនជារឿងចម្លែកទេសម្រាប់មេដឹកនាំចិន ដែលមិនបង្ហាញខ្លួនច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ប៉ុន្តែ ពេលវេលានៃអវត្តមានរបស់លោក ស៊ី ប៉ុន្មានសប្តាហ៍មុនការកោះប្រជុំសមាជគណបក្សសំខាន់ៗដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង បានបង្កឲ្យមានពាក្យចចាមអារ៉ាមយ៉ាងច្រើន អំពីការធ្វើរដ្ឋប្រហារ៕