(ណាសា)៖ ទីបំផុត យានអវកាសរបស់អង្គការ ណាសា បានហោះបំបុកអាចម៍ផ្កាយឈ្មោះ Dimorphos ប្រកបដោយជោគជ័យ ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា យានអវកាសបេសកកម្មសាកល្បងបង្វែរទិសដៅអាចម៍ផ្កាយទ្វេរដង ឬ DART បានធ្វើដំណើរទៅដល់គោលដៅអាចម៍ផ្កាយរបស់ខ្លួន ចាប់តាំងពីការបាញ់បង្ហោះក្នុងខែវិច្ឆិកាឆ្នាំ២០២១មក។ វាបានទៅដល់គោលដៅរបស់ខ្លួន ក្នុងល្បឿនប្រហែល ២១ ៥៩៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ទោះបីជាយ៉ាងណាក៏ដោយ យានអវកាសនេះមានទំហំតូចជាងអាចម៍ផ្កាយ Dimorphos ប្រហែល១០០ដងឯណោះ ដូច្នេះវាមិនបានបំផ្លាញអាចម៍ផ្កាយទាំងស្រុងបាននោះទេ ប៉ុន្តែ DART សង្ឃឹមថា ការហោះបំបុកនឹងផ្លាស់ប្តូរល្បឿន និងផ្លូវរបស់អាចម៍ផ្កាយនៅក្នុងលំហ។
ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា យានអវកាសនេះនឹងផ្លាស់ប្តូរអាចម៍ផ្កាយ Dimorphos បន្តិច ហើយធ្វើឲ្យវាកាន់តែមានទំនាញទៅនឹងអាចម៍ផ្កាយ Didymos ដែលជាអាចម៍ផ្កាយធំជាងនៅក្នុងប្រព័ន្ធ។ជំហានបន្ទាប់ អ្នកសង្កេតការណ៍នៅលើដី ជុំវិញពិភពលោក នឹងង្កេតមើលប្រព័ន្ធអាចម៍ផ្កាយជាមធ្យោបាយមួយដើម្បីបញ្ជាក់ថាតើ យានអវកាស DART បានផ្លាស់ប្តូរចលនារបស់អាចម៍ផ្កាយដោយជោគជ័យដែរឬក៏អត់។ កែវយឺតអវកាស James Webb, Hubble Space Telescope និងបេសកកម្ម Lucy របស់អង្គការ ណាសា ក៏នឹងសង្កេតមើលលទ្ធផលបន្ទាប់បន្សំផងដែរ។
ទោះយ៉ាងណាក៏ដោយ នេះជាក្តីសង្ឃឹម ក្នុងការជួយសង្គ្រោះភពផែនដី ពីការវាយប្រហារដោយអាចម៍ផ្កាយនាពេលអនាគត៕