នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស​​ សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៩-២០២៣) ការប្រកាសឱ្យប្រើផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣ និងការសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងអង្គពាក់ព័ន្ធនានា ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តចារ្យ គ្រូនគរបាលជាតិ មន្រ្តី និស្សិតនគរបាលនៃបណ្ឌិត្យសភាចំនួនប្រមាណ១០០០នាក់។

ជាកិច្ចចាប់ផ្ដើមនៃអង្គពិធី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព លទ្ធផលនៃអង្គសន្និបាត និងសមិទ្ធផលធំៗ    ជាច្រើនដែលសម្រេចបាន៨១.៧៤%​ នៃផែនការក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ទោះបីជាជួបវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។

លទ្ធផលការងារដែលសម្រេចជោគជ័យនេះ គឺដោយសារតែមានការឧបត្ថម្ភគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ ជាអគ្គស្ថាបនិកដ៏ឆ្នើមនៃសន្តិភាព និងជាអតីតនាយរដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការខិតប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ដ្រីនៃបណ្ឌិត្យសភា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានការប្ដេជ្ញាចិត្ត ឆន្ទៈមោះមុត និងមានការចូលរួមចំណែកយ៉ាងសកម្មពីសប្បុរសជននានា ផងដែរ។

ក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកាត់ខ្សែបូសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីៗរបស់បណ្ឌិត្យសភា និងមានប្រសាសន៍ទៅកាន់អង្គសន្និបាតដោយបានសម្ដែងនូវការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលសម្រេចបាន ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាល និងមន្រ្តីទាំងអស់ដែលបានរួមសាមគ្គីគ្នា យកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឱ្យបណ្ឌិត្យសភាកាន់តែមានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ព្រមទាំងមានលក្ខណសម្បត្តិស្របតាមស្ដង់ដាគុណភាពដែលបានកំណត់។

បន្ថែមលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា ក្រសួងមហាផ្ទៃនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និង គាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យបណ្ឌិត្យសភាបន្តអនុវត្តកម្មវិធីកំណែទម្រង់ បង្កើតនូវគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីកសាងស្នាដៃនិងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការផលិតចេញនូវមូលធនមនុស្សប្រកបដោយសក្ដានុពល ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ ក៏បានប្រគល់ប័ណ្ណសរសើរដល់បណ្ឌិត្យសភានគរបាលកម្ពុជានិងអង្គភាពចំណុះចំនួន២០ប័ណ្ណដើម្បីជាការលើកទឹកចិត្ត ព្រមទាំងប្រកាសដាក់ឱ្យប្រើផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣ រយៈពេល៥ឆ្នាំបន្ត (២០២៤-២០២៨)របស់បណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ