ត្រីរៀលអង្កាម ត្រីរៀលតុបគឺជាប្រភេទត្រីដែលមានសក្តានុពល និងសារៈសំខាន់បំផុតនៅក្នុងប្រព័ន្ធអេកូឡូស៊ីអាងទន្លេមេគង្គ ហើយត្រីប្រភេទនេះមាន វិសាលភាពតំបន់រស់នៅធំទូលាយ និងធ្វើចរាចរណ៍ក្នុងចម្ងាយផ្លូវឆ្ងាយរវាងតំបន់នានានៅក្នុងទន្លេមេគង្គ។ ប្រភេទត្រីទាំងពីរនេះ ត្រូវបានគេយកទៅផលិតទៅជាប្រភេទត្រីកែច្នៃ ដូចជាប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រីជាដើម ដែលជាប្រភពប្រូតេអ៊ីន ដ៏សំខាន់សម្រាប់សន្តិសុខស្បៀងដល់ប្រជាជនជាច្រើនលាននាក់ដែលរស់នៅក្នុងតំបន់។ 


ថ្មីៗនេះ ការសិក្សារបស់អ្នកស្រាវជ្រាវនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានរកឃើញថា ប្រភេទត្រីទាំងពីរនេះបានបង្ហាញវត្តមានរួមគ្នាក្នុងពេលតែមួយ ប៉ុន្តែការប្រមូលផ្តុំ និងការផ្លាស់ទី គឺត្រីរៀលតុបកើតឡើងមុន។ ការបង្ហាញវត្តមានឡើងវិញប្រចាំឆ្នាំនៃប្រភេទត្រីនីមួយៗនេះ (រយៈពេលវែង) ត្រូវបានរកឃើញនៅភាគខាងជើងនៃបឹងទន្លេសាប ចន្លោះពីខែតុលាដល់ខែធ្នូ ខណៈពេលដែលការបង្ហាញវត្តមានឡើងវិញ (រយៈពេលខ្លី) នៃប្រភេទនីមួយៗ ត្រូវបានអង្កេតឃើញនៅទន្លេសាប ចន្លោះពីខែធ្នូដល់ខែកុម្ភៈ។ 


លើសពីនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវរបស់យើងបានរកឃើញថា បន្ទាប់ពីទឹកបឹងទន្លេសាបស្រក ត្រីរៀលអង្កាមចាប់ផ្តើមផ្លាស់ទីចេញពីបឹងមុនត្រីរៀលតុប។ ប៉ុន្តែការផ្លាស់ទីចេញនៃត្រីរៀលអង្កាម ដែលមានល្បឿនប្រហែល ២,៣ គ.ម.ក្នុងមួយថ្ងៃ គឺយឺតជាងត្រីរៀលតុប ដែលមានល្បឿនប្រហែល៧,៩ គ.ម.ក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណាក៍ដោយ ពួកវាផ្លាស់ទីចេញក្នុងល្បឿនប្រហាក់ប្រហែលគ្នា ប្រហែល១៦ គ.ម.ក្នុងមួយថ្ងៃ នៅពេលដែលពួកវាបានធ្វើចរាចរមកដល់ទន្លេសាប។ 


ដូច្នេះ ភាពទៀតទាត់តាមរដូវនៃរបបទឹកទន្លេ មេគង្គគួរត្រូវបានរក្សាឱ្យមានលំហូរទៀងទាត់ដើម្បីរក្សានិរន្តភាពនៃបម្រែបម្រួលធម្មជាតិនៃប្រភេទត្រីទាំងនេះ ពេលវេលានៃការធ្វើចរាចរណ៍ និងល្បឿននៃការហែលនៃប្រភេទត្រីទាំងពីរនេះ ដែលបានបង្ហាញនៅក្នុងការសិក្សានេះ វាអាចជាផ្នែកមួយដ៏សំខាន់សម្រាប់ការពិចារណាដើម្បីរៀបចំតាក់តែងបទប្បញ្ញត្តិ ឬគោលនយោបាយណាមួយដើម្បីគ្រប់គ្រង និងថែរក្សា ប្រភេទត្រីទាំងពីរនេះអោយបានគង់វង្ស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ