ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានពលរដ្ឋចំនួន៧នាក់រងបួសធ្ងន់ និងស្រាល ក្នុងនោះរបួសធ្ងន់២នាក់ ដោយសាររន្ទះបាញ់ ខណៈពេលពួកគាត់កំពុងជួបជុំគ្នាផឹកស្រា.សនៅក្រោមម្លប់គុម្ពឫស្សី ខណៈមេឃងងឹតរកកល់ធ្លាក់ភ្លៀង ។ គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ។

ពលរដ្ឋរងគ្រោះទាំងនោះនិយាយថា នៅល្ងាចថ្ងៃនោះ ពួកគាត់មានប្រុសមានស្រីសរុបជាង១០នាក់ ខណៈទំនេរពីការងារស្រែចម្ការ ក៏បានជួបជុំគ្នាផឹកស្រានៅក្រោមម្លប់គុម្ពឫស្សី ដោយខ្លះអង្គុយលើគ្រែ និងខ្លះទៀតអង្គុលើអង្រឹង ។ នៅពេលនោះ ស្រាប់តែមេឃងងឹតរកកល់ធ្លាក់ភ្លៀង និងមានរន្ទះបាញ់ចំកន្លែងផឹកស៊ី បណ្តាលឲ្យរបួសធ្ងន់-ស្រាលចំនួន៧នាក់ ក្នុងនោះ២នាក់របួសធ្ងន់ គឺបុរសចំណាស់ម្នាក់សន្លប់ស្តូកស្តឹង ហើយត្រូវបានសាច់ញាតិដឹកទៅគ្លីនិកមួយនៅក្រុងសិរីសោភ័ណ និងស្ត្រីម្នាក់ទៀតបញ្ជូនទៅមណ្ឌលសុខភាពឃុំសំរោង ។

ពួកគាត់បន្តថា គ្រោះរន្ទះបាញ់នេះ ក្រៅពីអ្នករបួសធ្ងន់២នាក់ ពួកគាត់ផ្សេងទៀតដែលរបួសស្រាលក៏ត្រូវឆេះខោអាវ និងជាំពេញខ្លួន ព្រមទាំងហ៊ឹងត្រចៀកយ៉ាងខ្លាំងផងដែរ ។

លោកមេឃុំសំរោងថ្លែងថា រន្ទះដែលបាញ់ក្រុមអ្នកផឹកស៊ីនៅក្រោមគុម្ពឫស្សីនោះអាចជារន្ទះភ្លើង ទើបបណ្តាលឆេះខោអាវបែបនេះ ប៉ុន្តែអាចចាត់ទុកថា ជាគ្រោះល្អដែរ ដែលពុំមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត ដោយគ្រាន់តែរបួសធ្ងន់ ។ លោកសំណូមដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ននៅពេលមានមេឃងងឹត ឬមានភ្លៀងធ្លាក់ ផ្គរលាន់ ផ្លេកបន្ទោរ ត្រូវចេញពីក្រោមដើមឈើ ទៅជ្រកនៅក្នុងផ្ទះឲ្យបានត្រឹមត្រូវ ដើម្បីការពារពីគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ