ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅប្រទេសកម្ពុជា ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងគោលនយោបាយផងដែរ។

នាឱកាសអនុញ្ញាតឱ្យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ បានចូលរួមគាំទ្រតាមរយៈជំនួយ និងកម្មវិធីផ្សេងៗជាមួយនឹងក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលផ្ដោតទៅលើការលើកកម្ពស់នូវតួនាទីរបស់ស្ដ្រី និងការចូលរួមគាំពារដល់កុមារ ដែលកិច្ចការនេះក៏ជាផ្នែកមួយនូវក្នុងក្របខណ្ឌ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

សម្ដេចក្រឡាហោម ក៏មានសង្ឃឹមជឿជាក់ថា «អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារនេះបន្ដទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងគោលនយោបាយ ក៏ដូចជា ផែនការយុទ្ធសាស្ដ្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា»។

នាឱកាសនោះ សម្ដេច ស ខេង ក៏បានជម្រាបជូន លោកនាយកអង្គការយូនីសេហ្វ ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ នៅក្នុងប្រវត្តិសាស្ដ្រ នៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ គឺមិនដែលមាននោះទេ ក្នុងប្រវត្តិសាស្ដ្ររបស់កម្ពុជា គិតមកដល់ពេលនេះ។

ជាការឆ្លើយតប លោក នាយកអង្គការយូនីសេហ្វ សូមថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ចំពោះការផ្ដល់ព័ត៌មានបច្ចុប្បន្នភាពអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោក ក៏បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏សូមទទួលយកសំណូមពររបស់ សម្ដេចក្រឡាហោម ក្នុងការបន្ដជួយគាំទ្រដល់កិច្ចការងារពាក់ព័ន្ធក្នុងការលើកកម្ពស់ស្ដ្រី និងការគាំពារដល់កុមារ នៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ