អាស៊ាន កំពុងទទួលរងនូវភាពលំបាក លើភូមិសាស្រ្ដនយោបាយ ដែលបណ្ដាលមកពីការប្រកួតប្រជែងយុទ្ធសាស្រ្ដកាន់តែខ្លាំង របស់ប្រទេសមហាអំណាច
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ាន ក៏កំពុងទទួលរងនូវភាព លំបាក លើភូមិសាស្រ្ដនយោបាយ ដែលបណ្ដាលមកពី ការប្រកួតប្រជែងយុទ្ធសាស្រ្ដ កាន់តែខ្លាំងឡើង របស់ប្រទេសមហាអំណាច ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី២៤ មិថុនា លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខ លើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ ដែលនឹងប្រព្រឹត្ដ ទៅនៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០។
ក្នុងឱកាសកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «ក្រៅពីបញ្ហា ប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ានគឺកំពុងទទួលរង នូវភាពលំបាកលើភូមិ សាស្រ្ដនយោបាយ បណ្ដាលមកពីការប្រកួតប្រជែង យុទ្ធសាស្រ្ដកាន់តែខ្លាំងឡើង របស់ ប្រទេសមហាអំណាច។ ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិក អាស៊ាន គឺមិនមានចំណាប់អារម្មណ៍ ក្នុងការជ្រើសរើសភាគី មហាអំណាចណាមួយ ហើយបន្ដគាំទ្រ លើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ»។
កិច្ចប្រជុំ បានកត់សម្គាល់ចំពោះការកើនឡើង នូវចំណាប់អារម្មណ៍កាន់តែខ្លាំង ពីដៃគូខាងក្រៅ ក្នុងការភ្ជាប់ទំនាក់ទំនងឡើង ជាមួយអាស៊ាន។ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានផ្លាស់ ប្ដូរទស្សនៈគ្នា ទាក់ទងទៅនឹងបញ្ហាតំបន់ និងអន្ដរជាតិ ដូចជាស្ថានការណ៍ នៅឧបទ្វីបកូរ៉េ រដ្ឋរ៉ាខាញ និងការវិវឌ្ឍនៅ សមុទ្រចិនខាងត្បូង៕EB