ឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពីបទល្មើសបច្ចេកវិទ្យា ព្រោះបទល្មើសនេះ អាចកើតឡើងគ្រប់ទីកន្លែង
កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានថ្លែងថា បទល្មើសបច្ចេកវិទ្យាអាចកើតមានគ្រប់ទីកន្លែង ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីបទល្មើសបច្ចេកវិទ្យា។
នាឱកាសធ្វើបទបង្ហាញចែករំលែកស្តីពី «ការស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា និងបដិវត្តន៍ ឧស្សាហកម្ម ៤.០» ជូនដល់សិក្ខាកាមនៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា បានណែនាំដល់សិក្ខាកាមទាំងអស់ ក្រោយបញ្ចប់ការសិក្សា ត្រូវចែករំលែកចំណេះដឹងរបស់ខ្លួន ជូនមនុស្សជុំវិញ ជាពិសេសក្រុមគ្រួសារអំពីបទល្មើសបច្ចេកវិទ្យា ព្រោះថា បទល្មើសបច្ចេកវិទ្យាអាចកើតមានគ្រប់ទីកន្លែង ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីបទល្មើសបច្ចេកវិទ្យា។
ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា ក៏បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល អាចជួយបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជាពិសេសជួយឱ្យឤជ្ញាធរនៅគ្រប់កម្រិតឤចផ្តល់សេវាដល់ប្រជាជនបានកាន់តែច្រើនថែមទៀត។ លោកឧត្តមសេនីយ៍ទោ ថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល កំពុងពេញនិយមទូទាំងសកលលោក ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឧត្តមសេនីយ៍ឯក ហោ សំអាត ដល់សិក្ខាកាមទាំងអស់ដែលកំពុងសិក្សានូវវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងក្នុងនាម លោកឧត្តមសេនីយ៍ទោផ្ទាល់ ក៏បានណែនាំដល់សិក្ខាម នៃវគ្គបណ្តុះបណ្តាលទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បីឱ្យមានចំណេះជំនាញពេញលេញសម្រាប់បំពេញការងារឱ្យទទួលបានជោគជ័យ និងរីកចម្រើន ក្រោយពីបានសិក្សាចប់ពីវគ្គបណ្តុះបណ្តាលនេះទៅ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាពេលនេះមានសិក្ខាកាមចំនួន ២៥៥នាក់ ក្នុងនោះ ស្រី ៣៥នាក់ ដែលមកពីអគ្គលេខាធិការដ្ឋាន នាយកដ្ឋាន អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ហើយវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ មានរយៈពេល ១២០ថ្ងៃ ផងដែរ៕