កូរ៉េខាងជើងព្រមានអាមេរិក«ឱ្យបិទមាត់» និងបដិសេដថា ខ្លួនមិនដែលផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវដល់រុស្ស៊ីនោះទេ
(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា បាននិយាយថា ខ្លួនមិនដែលផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវដល់រុស្ស៊ីនោះទេ ខណៈកូរ៉េខាងជើងក៏បានព្រមានសហរដ្ឋអាមេរិកឱ្យ "បិទមាត់របស់ខ្លួន" និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដែលមានបំណងធ្វើឱ្យខូចឈ្មោះកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
"ថ្មីៗនេះ សហរដ្ឋអាមេរិក និងកងកម្លាំងអរិភាពផ្សេងទៀតបាននិយាយពី "ពាក្យចចាមអារ៉ាមអំពីការជួញដូរអាវុធ" រវាងកូរ៉េខាងជើង និងរុស្ស៊ី ។អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel កាលពីដើមខែនេះ បាននិយាយថា រុស្ស៊ី "កំពុងស្ថិតក្នុងដំណើរការទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន"។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានចោទអ៊ីរ៉ង់ពីការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកឲ្យរុស្ស៊ីសម្រាប់ប្រើក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលក្រុងតេអេរ៉ង់បានបដិសេធ។ខណៈរុស្ស៊ីក៏បានបដិសេធការចោទប្រកាន់នេះ ហើយទាមទារឲ្យអាមេរិកផ្តល់ភស្តុតាង៕